ពេជ្រ សូលីកា ខំប្រឹងស្តារមុខមាត់ តាមរយៈផ្លូវច្បាប់ ក្រោយរងភាពអាម៉ាស ពីមិត្តភក្តិ

246

ពេជ្រ សូលីកា បានរងភាពអាម៉ាសក្រោយពីនាងត្រូវបានអតីតមិត្តភក្តិដែលធ្លាប់រាប់អានគ្នាជាង១០ឆ្នាំ នាងថៃ នារីសុជាតា បានបកអាក្រាតរឿងដែលតារាចម្រៀងហង្សមាស រូបនេះ ត្រងអតីតគូស្នេហ៍របស់ខ្លួនប្រុសសង្ហា គឹម ហ៊ាន ដែលជាអាណិកជនខ្មែរ-អូស្ត្រាលី និងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់នៅអូស្ត្រាលី។

សូលីកា ដែលនៅស្ងប់ស្ងាត់មិនហ៊ានតតបជាមួយសុជាតា នោះ ទីបំផុតដើម្បីស្តារមុខមាត់ឡើងវិញ ស្រីស្រស់បានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ផ្នែកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទាំងក្នុងនិងក្រៅសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំងចំពោះរឿងមួយនេះព្រោះថា នេះគឺជាការបង្ហាញថា សូលីកា ព្យាយាមស្វែងរកការស្តារមុខមាត់ឡើងវិញតាមរយៈផ្លូវច្បាប់ ខណៈដែលសុជាតា នឹងបង្ហាញខ្លួននៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគារ (L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ។

អ្នកលេងបណ្តាញសង្គមខ្លះបានគាំទ្រទៅលើសូលីកា និងខ្លះទៀតមិនគាំទ្រចំពោះអ្នកចមៀងហង្សមាស នេះឡើយ នៅពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយអតីតសង្សាររបស់មិត្តភក្តិបែបនេះ។

អ្នកដែលគាំទ្រសូលីកា ដោយលើកឡើងថា គូដណ្តឹងសូលីកា បានផ្តាច់ស្នេហ៍ជាមួយនារីសុជាតា ទៅហើយ ហេតុនេះហើយបើសូលីកា ភ្ជាប់ពាក្យឬរៀបការជាមួយបុរសនោះគ្មានរឿងអីខុសឆ្គងទេ។

ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា សូលីកា មានរូបសម្រស់ស្អាតប៉ុណ្ណឹងដែរខ្វះប្រុសណាស់អី បានជាទៅស្រលាញ់សង្សារចាស់របស់មិត្តភក្តិបែបនេះទៅវិញ ?

ទោះជាយ៉ាងណា ពេជ្រ សូលីកា ហាក់មិនខ្វល់ការរិះគន់ឡើយ ទើបពេលនេះនាងបានចេញមុខប្តឹងថៃ នារីសុជាតា ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅក្រសួងមហាផ្ទៃ ដើម្បីឱ្យអ្នកជំនាញច្បាប់ រកយុត្តិធម៌ឱ្យនាងតែម្តង។

គួរបញ្ជាក់ថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហ៊ាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅអគារវឌ្ឍនៈ (ក្បែរវត្តភ្នំ) បន្ទាប់ពីនាងបានចែកផ្លូវជាមួយមន្ត្រីផ្កាយ២ម្នាក់។

សូលីកា មិនទាន់កំណត់រឿងចូលរោងការឡើយ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឺក្រោយមានរឿងស្នេហាត្រីកោណជាមួយមិត្តភក្តិបែបនេះ សូលីកា មិនត្រូវបានក្រុមគ្រួសារខាងអនាគតប្តីរបស់នាងមានការអាក់អន់ស្រពន់ចិត្តឡើយ ប៉ុន្តែបែរជាឪពុកក្មេករបស់នាង លោក Henry Hang បានថ្លែងសរសើរម្តាយរបស់សូលីកា ដែលខំចិញ្ចឹមកូនស្រីរបស់ខ្លួនបានល្អទៅវិញ ទើបធ្វើឱ្យសូលីកា អស់លែងបារម្ភពីចំណងស្នេហាមានការប្រែប្រួល។