អ្នកចាំទី ស៊ូ យ៉ាទី រំលឹកថា ផ្លែផ្កាពីអាជីពបាល់ទាត់ កន្លងមកបានការរួម ចំណែកសំខាន់ពីគ្រូបង្វឹកចាំទី លោក សួង ភីរម្យ ដែលធ្លាប់បណ្ដុះ បណ្ដាលរូបគេកាលនៅ ក្លិបក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមបាល់ទាត់ កងយោធពលខេមរភូមិន្ទ) ពីចន្លោះឆ្នាំ២០០៧ ដល់២០១៣។
កីឡាករមានកំណើតនៅរាជធានីភ្នំពេញបង្ហើបថា ដំបូងឡើយគេបានចូលរួម ជាមួយការពារជាតិតាមការជួយណែនាំ ពីលោក ភា សុភ័ក្ត្រា និងត្រូវបានបង្ហាត់ដោយ ផ្ទាល់ពីលោក សួង ភីរម្យ រហូតដល់កើន សមត្ថភាពជាលំដាប់។
អ្នកចាំទីក្លិបណាហ្គាវើលដ៍ បច្ចុប្បន្នបញ្ជាក់បែបនេះ “៖ខ្ញុំចេះចាប់ បាល់ និងទទួលបានបទពិសោធច្រើនពីគាត់ (លោក សួង ភីរម្យ)។ គាត់ដូចជាឪពុក ទីពីររបស់ខ្ញុំ បង្ហាត់ខ្ញុំឲ្យ ចេះលេងបាល់ ចាប់បាល់។ គាត់ហាត់ខ្លាំងណាស់ អ្នកល្មមៗនៅជាមួយគាត់ បានតែមួយអាទិត្យអីរត់ចោលហើយ តែបើទ្រាំបាន ចេញមកដឹងតែល្អ។ ពីមុនមកខ្ញុំមាន ចេះអី! គាត់អ្នកបង្ហាត់ ផ្ដល់ចំណេះដឹង និងបំពេញ ចំណុចខ្វះខាតទាំងអស់។”
អតីតសិស្សវិទ្យាល័យវត្តកោះ ដដែលទម្លាយថា ពេលខ្លះអន់ចិត្តនឹង លោក សួង ភីរម្យ ដែរ ដោយសារការហ្វឹកហាត់ខ្លាំងពេក រហូតចង់បោះបង់ ប៉ុន្តែត្រូវគ្រូចាំទី រូបនេះហៅត្រឡប់ ទៅហាត់វិញ។ ជាក់ស្ដែង មានថ្ងៃមួយ គេថែមទាំង បានធ្លាក់ខ្លួនឈឺទៀតផង។
យ៉ាទីសង្កត់បន្ថែម “៖រឿងហាត់ ជាមួយគាត់ចាំមិនភ្លេចសោះ គឺហាត់ខ្លាំង ដូចពេលមានភ្លៀង អ៊ីចឹង គាត់ដាក់បាល់ពីរកញ្ច្រែង បីកញ្ច្រែង ទាត់ឲ្យលោតពេញបែក ភក់ពេញហ្នឹង ដល់ព្រឹកស្អែកឲ្យរត់១៥ជុំ ២០ជុំ ដល់ស្អែកឡើង ឈឺព្យួរ សេរ៉ូម គ្រុនពោះវៀន។”
ដោយឡែក ស៊ូ យ៉ាទី ក៏មិនភ្លេចការរួមចំណែកជួយ ជ្រោមជ្រែងពីបុគ្គល សំខាន់ផ្សេងៗ ទៀតដែរ គឺលោក ប្រាក់ វណ្ណី កាលលេង នៅភ្នំពេញក្រោន រដូវកាល ២០១៤, លោក ថៃ ស៊ីនេត ពេលនៅបឹងកេត ពីឆ្នាំ២០១៥ ដល់ចប់ជុំទីមួយ២០១៨ និងមិត្តរួមក្រុម ណហ្គាវើលដ៍ សំរិត សីហា ដែលជាអ្នកចាំទី និងរ៉ាប់រង ធ្វើគ្រូចាំទីផង។
គួរដឹងដែរថា ស៊ូ យ៉ាទី បច្ចុប្បន្នមានប្រពន្ធដ៏ស្រស់ស្អាត ម្នាក់ជាអ្នកលក់ ផលិតផល តាមអនឡាញ និងមានកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ថែមទៀតផង។ គាត់មានស្នាដៃ ច្រើននៅកម្រិតក្លិបនិងបានជាប់ ជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន។ គួរបញ្ជាក់ថា លោក សួង ភីរម្យ សព្វថ្ងៃកំពុងបង្ហាត់អ្នកចាំទីនៅក្រុមធំវិសាខា៕