តាមពិត នគរបាលស្រី ដែលឆ្លងកូវីដ រួចទៅស៊ីការនៅព្រៃវែង គឺមានប្តីជាជនជាតិចិន រស់នៅជាមួយគ្នាក្នុងខុនដូរSkyline
ក្រោយពេលរកឃើញ ស្រីស្អាតជាមន្រ្ដីនគរបាល ម្នាក់ឆ្លង កូវីដ១៩ ហើយបាន ទៅចូលរួមពិធីមង្គលការមួយ កន្លែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិទួល សង្កែទទឹង ឃុំជាច ស្រុកកំចាយមារ នោះ គឺមនុស្សចំនួន ៤១នាក់ និងអ្នកពាក់ព័ន្ធដោយ ប្រយោលផ្សេងទៀត ត្រូវបានអាជ្ញាធរ ខេត្តព្រៃវែង យកសំណាក ទៅពិនិត្យ និងធ្វើចត្តាឡីស័កដាក់ នៅដាច់ដោយឡែក។
លោក ចាន់ ថា អភិបាលរង ខេត្តព្រៃវែង បានឲ្យដឹងថា បើតាមការផ្ដល់ព័ត៌មាន ពីសមត្ថកិច្ចរាជធានី ភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ ឈ្មោះ ល ស អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex ធ្វើតេស្តរក ឃើញវិជ្ជមាន នៃ កូវីដ១៩ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្ដែ បច្ចុប្បន្នមន្រ្ដីនគរបាលរូបនោះ កំពុងសម្រាកព្យាបាល នៅក្នុងមជ្ឈមណ្ឌល ជាតិប្រឆាំងនឹង រោគរបេង នារាជធានី ភ្នំពេញ។
លោកអភិបាល រងខេត្ត បានបន្តថា ស្ត្រីរូបនេះ និងមិត្តភក្ដិចំនួន បីនាក់ បានមកចូលរួម នៅក្នុងពិធីមង្គលការមួយ នៅក្នុងភូមិទួលសង្កែ ទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ ចន្លោះពីវេលាម៉ោង១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល។
ក្រោយពេលដឹងថា មន្រ្ដីនគរបាលរូបនេះ ឆ្លងកូវីដ អាជ្ញាធរបានចុះស្រាវជ្រាវ និងចាត់ វិធានការ ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ ចំនួន ១៤នាក់ ហើយបានឲ្យពួកគាត់ ធ្វើចត្តាឡីស័ក និងយកសំណាក ទៅពិនិត្យ។
ចំណែកអ្នកពាក់ព័ន្ធមិនផ្ទាល់ មានចំនួន ២៧នាក់ រួមទាំងអ្នកពាក់ព័ន្ធ ដោយប្រយោល ផ្សេងទៀត ក៏បានណែនាំ ឲ្យនៅដាច់ដោយឡែក និងបន្តស្រាវជ្រាវ ស្វែងរកអ្នក ពាក់ព័ន្ធបន្ដទៀត។
អាជ្ញាធរខេត្តព្រៃវែង បានឲ្យដឹងដែរថា ស្ដ្រីជាម្ដាយ និងជាម្ចាស់ពិធីមង្គលការ គឺជាគ្រូ បង្រៀន និងគ្រប់វត្តមានគ្រូ នៅក្នុងសាលា បឋមសិក្សា ស ខេង ទួលសង្កែទទឹង ហើយគាត់ បានចូលបង្រៀនសិស្ស បន្ទាប់ពីពិធីមង្គលការ កូនរួច។ ដោយសារតែបញ្ហានេះ ទើបអាជ្ញាធរ ខេត្តសម្រេចផ្អាកការសិក្សា មួយរយៈខ្លី ដើម្បីគ្រប់គ្រងសភាព ការណ៍នេះ។
មន្រ្ដីនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា អ្នកជំងឺម្នាក់នេះ មានប្តីជាជនជាតិចិន មានទីលំនៅក្នុងអគារ Skyline ខណ្ឌ៧មករា រាជធានីភ្នំពេញ។ គាត់ពិតជាបាន មកចូលរួម នៅក្នុងពិធីមង្គលការ នៅភូមិទួល សង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ប្រាកដមែន។ រីឯម្ចាស់ដើមការ ឈ្មោះ ស៊ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ហើយពិធីនោះមានភ្ញៀវ ចូលរួម ចំនួន៨០០នាក់។
អ្នកជំងឺបានមកពីភ្នំពេញ ហើយដល់រោងការ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ដោយមាន អ្នករួមដំណើរចំនួន៤នាក់ សរុប ៥នាក់។ ប៉ុន្តែបើតាមការ អះអាង ពីម្ចាស់ផ្ទះថា អ្នកទាំង ៥នាក់នោះ មិនបាន ចូលរួម ពិសាអាហារ នៅក្នុងរោងការទេ គឺពួកគេហូបអាហារ នៅតុខាងក្រៅរោងការ (នៅផ្ទះការ) ដោយគ្មានអ្នកណាចូលរួមទុកអាហារក្រៅពីពួកគេទាំង ៥នាក់នោះឡើយ។
បើទោះជាយ៉ាងនេះក្តី ពួកគេទាំង ៥នាក់ ក្រៅពីអង្គុយនៅតុបាយ ក៏បានចេញ ចូលក្នុងបន្ទប់អនាម័យ។ ដូច្នេះគេមិន បានដឹងថា តើអ្នកណាខ្លះបានប្រើប្រាស់បន្ទប់ អនាម័យ នោះ ក្រៅពីពួកគេ និងម្ចាស់ផ្ទះទាំងបីនាក់ ហើយគេមិនបា នដឹងថា មានអ្នកណាខ្លះ បានមកដល់ប៉ះពាល់តុ និងចាន អាហាររបស់ពួកគេ ក្រោយពេល ពួកគេបានចាក ចេញទៅវិញ នៅវេលាម៉ោងជាង ៤រសៀល ថ្ងៃដដែលនោះដែរ៕