ត្រាំ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin ពេលចេញលទ្ធផល ចាញ់កាន់តែឆ្ងាយជាងមុន
រដ្ឋ Wisconsin មានកៅអីតំណាងដល់ទៅ ១០កៅអី ហើយលោកត្រាំ មិនព្រម ចុះចាញ់ នៅក្នុងរដ្ឋនេះឡើយ ដោយទាមទារ ឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅតំបន់មួយចំនួនក្នុងរដ្ឋ។ ការរាប់ឡើងវិញបានបញ្ចប់ នៅថ្ងៃទី២៨ខែវិច្ឆិកា ហើយលទ្ធផល លោក បៃឌិន កាន់តែនាំមុខឆ្ងាយ ជាងមុនទៅទៀត។
ជាក់ស្តែងការ រាប់សន្លឹកឆ្នោត នៅក្នុងតំបន់Milwaukee គឺលទ្ធផល លោកបៃឌិនទទួលបានសន្លឹកឆ្នោតលើសពីមុន១៣២សន្លឹកទៀត។ សន្លឹកឆ្នោតសរុបដែលបានរាប់នៅក្នុងតំបន់នេះមាន៤៦០.០០០ សន្លឹក ហើយក្រោយការរាប់លោកបៃឌិនកើនបន្ថែម២៥៧សន្លឹក ចំណែកលោកត្រាំ ក៏កើនបន្ថែម ១២៥សន្លឹកផងដែរ ។
លទ្ធផលសរុបលោកត្រាំចាញ់បន្ថែម១៣២សន្លឹកទៀត។ចំណែកនៅទូទាំងរដ្ឋវិញ លោកត្រាំចាញ់ដល់ទៅ៣ម៉ឺនសន្លឹក។ សូមបញ្ជាក់ថា ការរាប់សន្លឹកឆ្នោតនៅWisconsin គឺត្រូវចំណាយប្រាក់អស់៣លានដុល្លារសម្រាប់បុគ្គលិករាប់សន្លឹកឆ្នោតឡើងវិញ។ ជាមួយគ្នានេះ ស្រុកDaneនឹងត្រូវបញ្ចប់ការរាប់សន្លឹកឆ្នោតនាថ្ងៃទី២៩ខែវិច្ឆិកា ។
មកទល់ពេលនេះលោកត្រាំនៅតែមិនព្រមចុះចាញ់ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកានៅឡើយទេ បើទោះបីប្រព័ន្ធផ្សព្វផ្សាយនានានៅអាមេរិកបានផ្សាយថា លោកបៃឌិនទទួលបាន៣០៦កៅអីតំណាង ចំណែកលោកត្រាំទទួលបានតែ២៣២កៅអីតំណាងក៏ដោយ។បើគិតពីសន្លឹកឆ្នោតសកលវិញ លោកបៃឌិនទទួលបានដល់ទៅជាង៨០លានសន្លឹក ចំណែកលោកត្រាំវិញបានតែ៧៣,៨លានសន្លឹកប៉ុណ្ណោះ៕