ជិតដឹងការពិតហើយ ក្រុមអ្នកវិទ្យាសាស្ត្រWHO ទៅដល់ក្រុងវូហាន ដើម្បីស្រាវជ្រាវរកប្រភពវីរុសកូរ៉ូណា
បើតាមសារព័ត៌មាន Reuters បានផ្សាយ ថា ក្រុមអ្នកវិទ្យាសាស្រ្ដ អន្ដរជាតិ ដឹកនាំ ដោយអង្គការសុខភាព ពិភពលោក ហៅកាត់ «WHO» បានទៅដល់ ទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេស ចិន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ ក្រុមអ្នកវិទ្យាសាស្រ្ដទាំងនោះ នឹងស៊ើបអង្កេត ហើយស្រាវជ្រាវ ស្វែងរកប្រភពដើម នៃវីរុសកូរ៉ូណា ដែលនាំមានការផ្ទុះ រាលដាលពាសពេញពិភពលោក រហូតមកដល់ពេលនេះ។
ដោយឡែកបណ្តាញ ទូរទស្សន៍ចិន CGTN បានផ្សាយថា យន្តហោះបានដឹក ក្រុមអ្នកវិទ្យាសាស្រ្ដទាំងនោះ ចាកចេញពីសិង្ហបុរី ហើយចុះចត នៅទីក្រុងវូហាន ប្រកបដោយសុវត្ថិភាព។ រីឯក្រុមអ្នកវិទ្យាសាស្រ្ដ ដឹកនាំដោយអង្គការ WHO នឹងស្នាក់នៅ ទីនោះ រយៈពេល ១សប្តាហ៍។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមអ្នកអ្នក វិទ្យាសាស្រ្ដចំនួន១០នាក់នោះ នឹងត្រូវធ្វើចត្តាឡីស័ក រយៈពេល២សប្តាហ៍ នៅទីក្រុងវូហាន តាមច្បាប់កូវីដ-១៩ មុនពេល បើកការស្រាវជ្រាវ។
លោក Peter Ben Embarek ប្រធានក្រុមស្រាវជ្រាវ បានឲ្យដឹងថា ខណៈមក ដល់ទីក្រុងវូហានហើយ ក្រុមការងាររបស់លោក នឹងត្រូវធ្វើចត្តាឡីស័ក នៅសណ្ឋាគារ តាមច្បាប់កូវីដ-១៩។ បន្ទាប់មកទៀត ក្រុមការងារ របស់លោកនឹងជួបជាមួយក្រុមជំនាញ របស់ចិន ដើម្បីស្រាវជ្រាវស្វែងរកប្រភពដើម នៃកូវីដ-១៩នេះ។
លោក Peter Ben Embarek បានបន្ថែមថា« ខ្ញុំគិតថា យើងនឹង ទទួលបានចម្លើយយ៉ាងច្បាស់ដើម្បីបញ្ជាក់ការពិតពីប្រភពដើម នៃកូវីដ-១៩នេះ»។ ក្រុមក្រុមអ្នកវិទ្យាសាស្រ្ដរបស់អង្គការWHO បានពន្យារ អស់រយៈពេលជាង ១ឆ្នាំ ដោយសារការឆ្លងរាលដាល ពីជំងឺកូវីដ-១៩ កាន់តែខ្លាំងនេះ។
វីរុសកូរ៉ូណា ហៅកាត់ «កូវីដ-១៩» នេះបានផ្ទុះឡើង នៅក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគ កណ្ដាល ប្រទេសចិន។ រហូតមក ដល់ពេលនេះ មេរោគដ៏កាចសាហាវនេះ បាន និងកំពុង រាតត្បាត នៅលើដែនដី និង ប្រទេស ចំនួន ២១៨ នៅទូទាំងពិភពលោក។
ការផ្ទុះឡើងជាលើកដំបូង នៃ មេរោគកូវីដ-១៩ នៅក្នុងទីក្រុងវូហាន ដែលមាន ប្រជាជនជាង១១លាន គឺចំពេលរដូវចូលឆ្នាំចិន ហើយពលរដ្ឋ នៃទីក្រុងនេះបានចាកចេញ ពីទីក្រុង ប្រហែល៥ទៅ៦លាន ដើម្បីដើរ លេង នៅក្នុងរដូវចូលឆ្នាំ របស់ខ្លួន ទើបបណ្ដាល ឲ្យការឆ្លងពាសពេញប្រទេសចិន ហើយបន្ដ ទៅកាន់ពិភពលោកទាំងមូល។
បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះថា នៅលើពិភព លោក មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៩២ ៨០៧ ៧៩៧នាក់ ស្លាប់ ១ ៩៨៧ ៥០៩នាក់ និងជាសះ ស្បើយ ៦៦ ៣៥៦ ០៩៦នាក់។ ដោយឡែកប្រទេសចិន ជាប្រភពកំណើត នៃមេរោគកូវីដ-១៩នេះ មានអ្នក ឆ្លង ៨៧ ៨៤៤នាក់ ស្លា ប់ ៤ ៦៣៥នាក់ និងជាសះស្បើយ ៨២ ៣២៤នាក់។ ចិនឈរក្នុងលំដាប់ លេខ៨២ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាង គេបំផុត នៅលើ ពិភពលោក៕