រ៉ាប៊ី ចំអកឲ្យ ខេម ចេញពីផលិតកម្មថោន គ្មានបទចម្រៀងណាលេចធ្លោ

ខណៈដែលមាស សុខសោភា និងខេម បានដឹកដៃ គ្នាចេញពី ថោន ព្រមគ្នានោះ ស្រីស្អាត រ៉ាប៊ី ដែលជាតារាចម្រៀងសំខាន់របស់ផលិតកម្មនេះ ម្នាក់ដែរ បានចេញមកអះ អាងថា នាងគ្មានបំណងផ្លាស់ទ្រនំចាស់ រើចូលទ្រនំថ្មីដូច រៀមច្បងឡើយ។

នាងថា នៅតែមានក្ដីសុខជាមួយថោន ហើយពេលនេះនាងសង្កេតឃើញថា អ្នកដែលចេញពីថោន ទៅ ក៏មិនសូវឃើញមានអ្នកណា ចេញបទចម្រៀងលេចធ្លោនោះដែរ អីចឹងនាងប្រកាន់ជំហរថា នឹងមិនប្ដូរផលិតកម្មនា ពេលនេះឡើយ។

រ៉ាប៊ី ប្រាប់ថា មានកេរ្ដិ៍ឈ្មោះ និងជីវភាពផ្លាស់ប្ដូរដោយសារតែថោន បានផ្ដល់ឱកាសឲ្យនាង ហេតុនេះហើយបានជានាងមិនចង់ទៅផលិតកម្មណាផ្សេងទេ ព្រោះតែបើទៅផលិតកម្មណា ក៏នាងនៅតែធ្វើបទចម្រៀងដោយ ខ្លួនឯងដដែល ហើយការទៅ ផលិតកម្មផ្សេង អាជីព ជាតារាចម្រៀងនេះពិបាកណាស់ ព្រោះអាច មានអ្នកកាច់កុងគ្នា កាន់តែពិបាកជាងកន្លែងចាស់ថែមទៀតផង។

ការវាចាររបស់ស្រីស្អាតរ៉ាប៊ី នៅពេលនេះ គឺហាក់ស្រដៀងគ្នាទៅនឹងអតីតតារាចម្រៀងថោន លោកខេម ដែរ ដែលធ្លាប់ប្រាប់អ្នកយកព័ត៌មាន យើងថា ​បានល្បី និងជីវភាពធូរធា ព្រោះថោន ផ្ដល់ឱកាស​ ហើយបើលោក ចេញពីថោន ទាល់តែថៅកែដេញចេញ លែងឲ្យច្រៀង តែទីបំផុត ខេម ក៏បាយបាយថៅកែ ថោន ហើយថែមទាំងវាយប្រហារថៅកែចាស់ យ៉ាងចាស់ដៃ ទៀតផង។

ប៉ុន្ដែរ៉ាប៊ី វិញថា នាងមិនដើរតាមគន្លងខេម នោះទេ​ហើយនាង នៅតែចាត់ទុកថា ថៅកែប្រុសស្រីរបស់ថោន ពិតជាមនុស្សល្អចំពោះកូនចៅ ទាំងអស់គ្នាមែន ដែលរឿងនេះបុគ្គលិកទាំងអស់របស់ថោន អ្នកណាក៏ ដឹងដែរ។

ដោយឡែក ទាក់ទង រឿងស្នេហាវិញ តារាចម្រៀងវ័យ ២៧ឆ្នាំ រ៉ាប៊ី នៅតែថ្ងូរថា អត់សង្សារ បណ្ដើរ ដោយនាងថែមទាំង ស្នើរឲ្យអ្នកយក ព័ត៌មាន ជួយរកសង្សារជា ប្រុសក្មេង រូបសង្ហាឲ្យនាងម្នាក់ គ្រាន់កៀកកើយគ្នាដូចតារា ផ្សេងទៀតផង។

ប៉ុន្តែគេមិនសូវជឿជាក់ លើរ៉ាប៊ី ថា អត់ប្រុសស្នេហ៍នោះទេ ដែលការវាចា បែបនេះ គ្រាន់តែនាងចង់លាក់មុខម្ចាស់ចិត្តមិន ឲ្យគេស្គាល់មុខច្រើនជាង៕

Leave a Reply

Your email address will not be published. Required fields are marked *