ពេលច្បាប់ថ្មីនេះចេញ ទោះបង្រៀនច្រើន ឆ្នាំប៉ុនណាក៏ដោយ ក៏មិនអាចមានឈ្មោះ ជាសាស្រ្តាចារ្យដែរ បើគ្មានសញ្ញាបត្របណ្ឌិត និងមិនបាន សរសេរសៀវភៅតាមចំនួនកំណត់។
រាជបណ្ឌិត្យសភាកម្ពុជា មានបំណង បង្កើតសេចក្តីព្រាងច្បាប់ថ្មីមួយ គឺសេចក្តីព្រាងច្បាប់ ស្តីពីសាស្រ្តាចារ្យ។ គោលគំនិតសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺកំណត់ឲ្យបាន ជាក់លាក់ថា បុគ្គលមានលក្ខណ សម្បត្តិបែបណា ទើបក្លាយជាសាស្រ្តាចារ្យ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក មួយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងពីលក្ខណសម្បត្តិធំៗ២យ៉ាង ដែលមិនអាចខ្វះ មួយណាបាន ដើម្បីអាចក្លាយជាសាស្រ្តាចារ្យ គឺទី១ មានសញ្ញាបត្របណ្ឌិត (Ph.D.) និង ទី២ បានសរសេរសៀវភៅ ទាក់ទងនឹងឯកទេសរបស់ខ្លួនបាន៥ក្បាល។ លោក បន្តថា បុគ្គលម្នាក់ រៀនចប់ថ្នាក់បណ្ឌិត ហើយសរសេរសៀវភៅ បានត្រឹម៣ក្បាល នៅមានឈ្មោះជាសាស្រ្តាចារ្យជំនួយ ដោយមិនទាន់អាចឡើងទៅជាសាស្រ្តាចារ្យឡើយ។
ប្រធានរាជបណ្ឌិតសភាកម្ពុជា ថ្លែងថា៖«ឧទាហរណ៍ [សរសេរសៀវភៅបាន] ៣ក្បាល ក្លាយជាសាស្រ្តាចរ្យជំនួយ ៥ក្បាល ក្លាយជាសាស្រ្តាចារ្យ ៧ក្បាល ក្លាយជាបណ្ឌិតសភាចា្យបម្រុង ១០ក្បាល ក្លាយជាបណ្ឌិតសភាចារ្យ»។
យ៉ាងណាក៏ដោយចុះ ការកំណត់ថា រៀនចប់ថ្នាក់បណ្ឌិត និងសរសេរសៀវភៅ បាន ៣ក្បាល ក្លាយជាសាស្រ្តាចារ្យជំនួយ សរសេរសៀវភៅបាន៥ក្បាល ក្លាយជាសាស្រ្តាចារ្យ សរសេរសៀវភៅបាន ៧ក្បាល ក្លាយជាបណ្ឌិតសភាចារ្យបម្រុង សរសេរសៀវភៅបាន១០ក្បាល ក្លាយជាបណ្ឌិតសភាចារ្យ គឺគ្រាន់តែជាការគិត បឋមប៉ុណ្ណោះ ដោយមិនទាន់អាចកំណត់ ជាផ្លូវការនោះទេ។ លោក សុខ ទូច អះអាងថា ការកំណត់ បែបនេះ នឹងត្រូវលើក ទៅជជែកគ្នាបន្ថែមទៀត។
លោក បញ្ជាក់ថា ការក្លាយជាសាស្រ្តាចារ្យ មិនមែនសំខាន់ទៅការ បង្រៀន យូរឆ្នាំនោះទេ។ លោក សង្កត់ធ្ងន់ថា បើគ្មានសញ្ញាបត្របណ្ឌិត និងមិនបានចងក្រងសៀវភៅ តាមចំនួន ដែលច្បាប់កំណត់ទេ ទោះបង្រៀនមួយជីវិត ក៏មិនមានឈ្មោះជាសាស្រ្តាចារ្យដែរ។ ផ្ទុយមកវិញ លោក ប្រាប់ថា អ្នក ដែលរៀនចប់ ថ្នាក់បណ្ឌិត ហើយ សរសេរសៀវភៅបានតាមការកំណត់របស់ច្បាប់ នឹងក្លាយជា សាស្រ្តាចារ្យ ទោះអ្នកនោះ មិនធ្លាប់បានបង្រៀន ឬមិនធ្លាប់ធ្វើជាគ្រូក៏ដោយ។
លោក បរិយាយថា ការគិតគូររបស់រាជបណ្ឌិត្យ សភាកម្ពុជា អំពីការកំណត់លក្ខណ សម្បត្តិរបស់សាស្រ្តាចារ្យនេះ គឺត្រូវទៅតាមស្តង់ដារអន្តរជាតិ។ លោក យល់ថា ការកំណត់ឲ្យសាស្រ្តាម្នាក់ ត្រូវរៀន ចប់បណ្ឌិត ហើយថែមទាំង តម្រូវឲ្យចងក្រងសៀវភៅទៀតនោះ គឺដើម្បីឲ្យសង្គមខ្មែរសម្បូរឯកសារ ដូចនៅ ស្រុកគេ។ បើតាមប្រសាសន៍របស់ លោក ស្រុកគេ សម្បូរឯកសារ គឺដោយសាររៀបចំច្បាប់បែបនេះ ហើយនៅស្រុកគេ ការក្លាយ ជាសាស្រ្តាចារ្យ គឺមិនងាយនោះទេ។
តើសេចក្តីព្រាងច្បាប់ស្តីពីសាស្រ្តាចារ្យនេះ នឹងលេចរូបរាង នៅពេលណា? លោកបណ្ឌិត សុខ ទូច ផ្តល់ចម្លើយថា កុំទាន់អាលនិយាយដល់ចំណុចនេះ ដ្បិតរាជបណ្ឌិត្យសភាកម្ពុជា នៅមានកិច្ចការងារ ច្រើនណាស់ ដែលត្រូវធ្វើ។
លោក សង្កេតឃើញថា ដោយសារកម្ពុជា មិនទាន់មានច្បាប់ស្តីពី សាស្រ្តាចារ្យ ទើបបច្ចុប្បន្ន ការកំណត់ ពីឋានៈជាសាស្រ្តាចារ្យ មិនមានភាពជាក់លាក់ ដោយគ្រូបង្រៀននៅ កម្រិតបឋមសិក្សា ក៏ត្រូវហៅថា សាស្រ្តាចារ្យ ហើយគ្រូបង្រៀន នៅកម្រិតសាកលវិទ្យាល័យ មិនត្រូវហៅថាសាស្រ្តាចារ្យ។ លោក បានប្រកាស ដំបូងពីគម្រោង តាក់តែង សេចក្តីព្រាងច្បាប់ស្តីពីសាស្រ្តាចារ្យ នៅក្នុងកិច្ចប្រជុំពិភាក្សាមួយ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ អំពីការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា។អូ
កាលពីឆ្នាំ២០១៣ ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញ ព្រះរាជក្រឹត្យស្តីពីការផ្តល់ ឋានៈសាស្រ្តាចារ្យ តាមការក្រាបង្គំទូលថ្វាយពីសំណាក់នាយករដ្ឋមន្រ្តី។ យោងតាមព្រះរាជក្រឹត្យ អ្នក មានសញ្ញាបត្រចាប់ ពីបរិញ្ញាបត្រទៅ បានបង្រៀន និងបានស្រាវជ្រាវនៅគ្រឹះស្ថានឧត្តមសិក្សា
ឬនៅអង្គភាពនានាក្រោមឱវាទរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងមានឋានៈ ជាសាស្រ្តាចារ្យជំនួយ, អ្នក បម្រើការងារជាសាស្រ្តារ្យចារ្យជំនួយបាន៤ឆ្នាំយ៉ាងតិច បានចូលរួមស្រាវជ្រាវ និងបោះពុម្ពសៀវភៅសិក្សា ពាក់ព័ន្ធនឹងជំនាញខ្លួន នឹងមានឋានៈជាសាស្រ្តាចារ្យរង, អ្នក បម្រើការងារជាសាស្រ្តាចារ្យរង បាន ៥ឆ្នាំយ៉ាងតិច មានសញ្ញាបត្របណ្ឌិត បានចូលរួមស្រាវជ្រាវ និងបោះពុម្ពសៀវភៅសិក្សាពាក់ព័ន្ធនឹងជំនាញខ្លួន នឹងមានឋានៈ ជាសាស្រ្តាចារ្យ ឬសាស្រ្តាចារ្យមហាបរិញ្ញា ៕