ក្រសួងសុខាភិបាល ប្រទេសថៃ បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា បុគ្គលិកសុខាភិបាលជាង ៦០០នាក់ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)របស់ប្រទេសចិន ទាំងពីរដូស បានឆ្លងជំងឺកូវីដ១៩ ខណៈប្រទេសថៃ ទំនងនឹងផ្តល់ កម្រិតវ៉ាក់សាំងបន្ថែម ឬវ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនភាពស៊ាំ ប្រ.ឆាំងទៅនឹងមេរោគនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានReuters។
ទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ គិតចាប់ពី ខែមេសាដល់ខែ កក្កដានេះបានបង្ហាញថា ក្នុងចំណោមបុគ្គលិកពេទ្យចំនួនជាង ៦សែន ៧ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២ដូស គឺមានចំនួន ៦១៨នាក់បានឆ្លង ជំងឺកូវីដ១៩។ មានគិលានុបដ្ឋាយិកាម្នាក់បាន ស្លា.ប់ ហើយបុគ្គលិកពេទ្យម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពជំងឺធ្ង.ន់ធ្ងរ។
លោក សុផុន ឡាំសិរីថាវ៉ុន (Sopon Iamsirithawon) អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានប្រាប់អ្នកសារព័ត៌មានខ្លីថា ក្រុមអ្នកជំនាញ បានផ្តល់អនុសាសន៍ដើម្បីចាក់វ៉ាក់សាំង ដូសទី៣ ដើម្បីបង្កើនភាពស៊ាំចំពោះបុគ្គលិក សុខាភិបាលដែលមានហានិភ័យ ឆ្លងជំងឺកូវីដ។
លោកបាននិយាយថា៖« វ៉ាក់សាំងដូសទី៣ នេះ នឹងត្រូវចាក់វ៉ាក់សាំង ផ្សេងៗគ្នា ក្នុងនោះអាចវ៉ាក់សាំងអាស្ត្រាសេណេហ្កា(AstraZeneca) ឬវ៉ាក់សាំង ដែលផលិតឡើងតាមបច្ចេកវិទ្យាmRNA ដែលប្រទេសថៃ នឹងទទួលបានក្នុងពេលដ៏ខ្លីខាងមុខនេះ។
ប្រទេសថៃត្រូវបាន គេរំពឹងថា នឹងទទួលបានការបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន ៣លាន៥សែនដូសពីសហរដ្ឋអាមេរិកនៅចុងខែនេះ ហើយបាន បញ្ជាទិញបន្ថែមចំនួន ២០លានដូស ដែលនឹងអាច មកដល់ប្រទេសថៃ បន្ទាប់ពីខែតុលា។
សេចក្តីប្រកាសនេះបានធ្វើឡើង នៅពេលដែលប្រទេសថៃបានរាយការណ៍ មានករណីឆ្លងកូវីដសរុប កើនដល់ ៣៣៦៣៧១នាក់ ក្នុងនោះមានអ្នកស្លា.ប់ ២៧១១នាក់ ចាប់តាំងពីថៃបានផ្ទុះការ រាតត្បាតដំបូងកាល ពីឆ្នាំមុនមក៕