ពិតជាគួរឲ្យអាណិត លោកមេភូមិ ដំណាក់ធំ១ ដែលរាល់ថ្ងៃដើរ ស្រង់ស្ថិតិប្រជាពលរដ្ឋ តាមខ្នង ផ្ទះស្វែង រកអ្នកជំងឺកូវីដ ១៩ បែរជាឆ្លងជំងឺ ដល់រូបគាត់រួមជាមួយ កូនប្រុសពៅ ទើបអាយុ ១០ខែម្នាក់ផងដែរ។
យោងតាមសេចក្តីរាយការណ៍ពី លោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹង មានជ័យ២ បានឲ្យកម្ពុជាថ្មីដឹងថា នៅរសៀល ថ្ងៃទី១៩ខែកក្កដានេះ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តសម្តេចតេជោ បានមកជូនដំណឹង ដល់លោកមេភូមិដំណាក់ធំ១ ឈ្មោះ សរ សំអាត ដែលបានយកសំណាកកាលពី ៣ថ្ងៃមុនពេលនេះ
លទ្ធផលចេញហើយ គឺវិជ្ជមានកូវីដ១៩ រួមទាំងកូនប្រុសពៅ របស់លោកមេភូមិ ដែលមាន អាយុទើប ១០ខែម្នាក់ផង ហើយ ក្នុងនោះលោកគ្រូពេទ្យបាន ឲ្យលោកមេភូមិរៀបចំខ្លួនជា មួយកូនពៅ ដើម្បីយកទៅព្យាបាល ប៉ុន្តែលោក មេភូមិសុំព្យាបាលនៅផ្ទះវិញ។
លោកចៅសង្កាត់រង បានបញ្ជាក់ថា រាល់ថ្ងៃលោកមេភូមិ ដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែងដើរស្រង់ស្ថិតិអ្នកជំងឺកូវីដ១៩ តាមខ្នងផ្ទះ មិនដែល ខកខានឡើយ ខណៈនេះបែរជាឆ្លងខ្លួនឯង រួមទាំងកូន ប្រុសពៅ ដែលមានអាយុទើប១០ខែឆ្លងជំងឺកូវីដ១៩ផងដែរ។
ដូច្នេះជំងឺកូវីដ១៩នេះ គឺត្រូវប្រុងប្រយ័ត្ន ព្រោះជំងឺ នេះកំពុងរាតត្បាតពេញភូមិ បើសិនជា យើងមិននាំគ្នាអនុវត្ត ៣កុំ ៣ការពារនោះ ហើយជាក់ស្តែង ក្មេងតូចដែលមានអាយុទើប ១០ខែ មិនដែលទៅណាសោះ បែរជាឆ្លងជំងឺពី ឪពុកដែលដើរ ចេញពីផ្ទះរាល់ថ្ងៃ ក៏ព្រោះតែ ភារកិច្ចដោយខានពុំបាន៕