អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការ ជាមួយគណៈកម្មាការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានរៀបចំ ដាក់ឱ្យ ដំណើរការ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះខណៈជាជំហានដំបូង រដ្ឋបាលខេត្តនឹង អនុវត្តនៅក្រុង ប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។
មុននឹងអនុវត្តការងារនេះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំ ផ្ទាល់ដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធាន គណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងអភិបាលរង ខេត្តក្រុមការងារ មន្ទីរសុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរក្រុង/ស្រុកទាំង៩ ចូលរួមវគ្គបណ្តុះបណ្តាល “នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នក ជំងឺកូវីដ-១៩ នៅតាមផ្ទះ” តាមប្រព័ន្ធ ZOOM ក្រោមការដឹកនាំ សម្របសម្រួលរបស់ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានសម្តែងការគោរព អរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបាន គិតគូរខ្ពស់ចំពោះ សុខភាព សុខាមាលភាព របស់ប្រជាពលរដ្ឋ ការគ្រប់គ្រងទប់ស្កាត់នៃជំងឺកូវីដ-១៩ ។
លោក អភិបាល ខេត្តបានបន្តថា៖ “ថ្ងៃនេះដោយបានគោលការណ៍ ឯកភាព ពីក្រសួងសុខាភិបាល ក្រោមការសម្របសម្រួលពី ឯកឧត្តមដ្ឋមន្ត្រីក្រសួង សុខាភិបាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តបន្ទាយមានជ័យបានដំណើរការវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដើម្បីឈានទៅដល់ការដំណើរការនាពេលខាងមុខនេះ”។
លោក អ៊ុំ រាត្រី បានប្តេជ្ញាខ្ពស់ក្នុងការ សម្របសម្រួលដឹកនាំ ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នក ជំងឺកូវីដ-១៩ តាមផ្ទះនេះឱ្យបានជោគជ័យ ក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំ រួចហើយលក្ខណៈតាមការណែនាំ រៀបចំក្រុម ការងារប្រចាំការងារ ខេត្ត និងជាក្រុមតាមស្រុក/ក្រុង និងក្រុម ប្រចាំការ Hot line និងក្រុមគ្រូពេទ្យ។
លោក ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់តាម ប្រព័ន្ធ Zoom ថា ការប្រកាសឱ្យប្រើប្រាស់ការថែទាំ ព្យាបាលតាមផ្ទះ មានសារៈសំខាន់ណាស់ ក្នុងការជួយ ដោះស្រាយការលំបាក របស់អាជ្ញាធរ ទាំងការកាត់បន្ថយការចំណាយ តាមអនុសាសន៍ណែនាំ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ង៉ូវ កាង បានគូស បញ្ជាក់ទៀតថា ក្រុមការងារទាំង អស់ទាំងគ្រូពេទ្យ មន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយស្មារតីប្រុងប្រយ័ត្ន នៅពេល អនុវត្តកិច្ចការនេះ។
លោក រដ្ឋលេខាធិការបានបន្តថា៖ “តាមរយៈវគ្គបណ្តុះ បណ្តាលថ្ងៃនេះ សូមឱ្យមន្ត្រីពាក់ព័ន្ធ ទាំងអស់ សូមយកចិត្តទុកដាក់ គ្រូឧទ្ទេសធ្វើបទបង្ហាញលម្អិតពីនីតិវិធីប្រ តិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំង និងព្យាបាលអ្នក ជំងឺកូវីដ-១៩ នៅតាមផ្ទះ”។
លោក រដ្ឋលេខាធិការក្រសួងសុខាភិបាល សម្តែងការកោត សរសើរដល់អភិបាលខេត្តបន្ទាយមានជ័យ ដែលមានការប្តេជ្ញាខ្ពស់ ក្នុងការរៀបចំឱ្យមានដំណើរការព្យាបាល តាមផ្ទះនេះ ជាការចូលរួមចំណែក ដ៏សំខាន់ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងទប់ស្កាត់នៃជំងឺកូវីដ-១៩។
លោក បានបញ្ជាក់ថា ខេត្តបន្ទាយ មានជ័យ ជាខេត្តទី២បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ឱ្យដំណើរការ ថែទាំ ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ៕