ផ្អែកលើការចុះផ្សាយរបស់ក្រសួងព័ត៌មានបាន ឱ្យដឹងថា មន្រ្តីជាន់ខ្ពស់សុខាភិបាល បានអំពាវនាវ យ៉ាងទទូចដល់ ប្រជាពលរដ្ឋ មេត្តាកុំធ្វើដំណើរចល័តពី កន្លែងមួយទៅកន្លែងមួយ ដោយគ្មានការ ចាំបាច់ ខណៈវីរុសបំប្លែងថ្មី Delta បានបោះ ជំហានឆ្លងចូល សហគមន៍ខ្លះរួចទៅហើយ ព្រោះវីរុសបំប្លែងថ្មីនេះ មានលទ្ធភាពឆ្លងលឿនរហ័សដល់ ១៥ ដង លើសពីវីរុសពីមុន ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានថ្លែងឱ្យដឹងថា «ក្រសួងសុខាភិបាលបានផ្តល់ព័ត៌មាន ស្តី អំពីការរកឃើញ វីរុសដែលតា (Delta) នេះ ខណៈដែលកាលពីមុនការរកឃើញ ពពួកដែលតា គឺក្នុងចំណោមពលករ ដែលធ្វើដំណើរឆ្លងចូលតាមច្រកព្រំដែន កម្ពុជា-ថៃ និង តាមផ្លូវអាកាស ។
ប៉ុន្តែនៅក្នុងបរិបទថ្មីៗនេះ បានរកឃើញវីរុស ដែលតានេះ បោះជំហានឆ្លងចូលសហគមន៍ ខ្លះរួចទៅហើយ ដែលបាន ឆ្លងពីពលករទៅបុគ្គលដែលរស់នៅ ក្នុងខេត្តឧត្តរមានជ័យ កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និង ខេត្តព្រះវិហារ» ។
លោកជំទាវបន្តថា «ដោយផ្អែកតាមស្ថានភាពនេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានចេញនូវសារាចរណែនាំទៅដល់អភិបាល រាជធានី-ខេត្ត បង្កើនការត្រួតពិនិត្យសុខភាព ពលករ ដែលវិលត្រឡប់ចូលកម្ពុជា រួមជាមួយ នឹង វិធានការ បិទខ្ទប់នៅតាមភូមិសាស្រ្តខេត្តមួយ ចំនួន ដើម្បីកុំឱ្យវីរុសពពួក ដែលតានេះ មានលទ្ធភាព ចម្លងទៅភូមិសាស្រ្តដទៃទៀត តាមរយៈ ការធ្វើដំណើរចល័ត ពីកន្លែងមួយទៅកន្លែង មួយ របស់ប្រជាពលរដ្ឋ» ។
«វីរុសដែលតានេះ បានបោះជំហានចូល ទៅក្នុងសហគមន៍ ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃ ខេត្តទាំងនេះ តែអ្វីជាការសំខាន់ ព្រោះឥឡូវនេះ រាជរដ្ឋាភិបាលបាន សម្រេចបិទ ខ្ទប់ ក្នុងភូមិសាស្រ្តខេត្តមួយចំនួន ។ ហើយការបិទខ្ទប់នេះ មានន័យថា គឺយើងទប់កុំឱ្យវីរុសនេះ មានលទ្ធភាពចេញ ពីទីតាំងហ្នឹងទៅកាន់ទីតាំងមួយទៀត
ពីព្រោះកាលណាយើង មិនគិតឱ្យបានលឿនមិន បានទាន់ពេលវេលាទេ វីរុសនេះនឹងដើរ ទៅទៀត ហើយការចម្លង វីរុសនេះដើរទៅ តាមណា គឺ មិនមែនវានេះ ដើរខ្លួនឯងនោះទេ គឺវាទៅតាមបុគ្គល ដែលគាត់ចល័តពីកន្លែង មួយ ទៅកន្លែងមួយ ។ ដូច្នេះបានជាក្នុង ដំណាក់ កាល នៃការ រាតត្បាតនៅ ក្នុងសហគមន៍ ទោះបីជាការឆ្លងវីរុស ដែលតានេះ មិនទាន់ ទូលំទូលាយ ទូទាំងខេត្តក៏ ពិតមែន តែដោយលទ្ធផលនៃ មន្ទីរពិសោធ ដែលយើង បាន ធ្វើវត្ថុ សំណាក គឺនៅច្រើនណាស់ ដែលមិនទាន់ចេញលទ្ធផល នោះការ ចម្លងរវីរុស បំប្លែងថ្មីនេះ នឹងរីករាលដាល កាន់តែ ធំ» ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា B.1617-2 ចំនួន ៣៩ នាក់ រួមមាន អ្នកដំណើរវិលត្រឡប់ មកពីប្រទេសថៃ តាមច្រកព្រំដែន ចំនួន ២១ នាក់ បុគ្គលិកសុខាភិបាល ៤ នាក់ ពលរដ្ឋក្នុងសហគមន៍ ដែល ប៉ះពាល់ផ្ទាល់ ៦ នាក់ និង ពលរដ្ឋក្នុងសហគមន៍ មិនប៉ះពាល់ផ្ទាល់ ៨ នាក់ ដែលជាករណីឆ្លង សហគមន៍លើក ដំបូង ដោយសារ កន្លងទៅ ក្រសួងរកឃើញ វីរុសបំប្លែងថ្មីនេះ តែលើ ពលករខ្មែរត្រឡប់ពីប្រទេសថៃ និង អ្នកធ្វើដំណើរ ចូលប្រទេស កម្ពុជា តែប៉ុណ្ណោះ ៕