លោកឧត្តសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ បានចេញ លិខិតដាក់ ចេញបទបញ្ជា ។ដល់កងទ័ព ឈរជើង នៅតាមព្រំដែនខ្មែរ-ថៃ ឱ្យទប់ស្កាត់ ឱ្យបានជាដាច់ខាត ចំពោះការលួច នាំចូលរថយន្ត ចង្កូតស្តាំពីប្រទេសថៃ តាមច្រករបៀង នានានៅតាមព្រំដែន។
នេះបើយោងតាម លិខិតរបស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន ដែលចុះហត្ថលេខនៅថ្ងៃទី០១.០៩.២០២១។លោក ឧត្តមសេនីយ៍ឯក ឯក សំអូន បានបញ្ជាក់ថា យោធិនរូបណា ឃុបឃិត ក្នុងការលួចនាំចូលរថយន្តចង្កូតស្តាំ តាមច្រករបៀង នៅ តាមខ្សែបណ្តោយ ព្រំដែនល្មើសនឹងសេចក្តីសម្រេចនេះ មេបញ្ជាការ កងឯកភាពនោះ នឹងត្រូវប្រឈម ចំពោះមុខច្បាប់។
មេបញ្ជាការយោធ ភូមិភាគទី៥ ក៏បានណែនាំទៅ មេបញ្ជាការប្រចាំទិសទី១ ទិសទី២ ទិសទី៣ និងទី៤ ផ្សព្វផ្សាយបទ បញ្ជានេះដល់ មេបញ្ជាការគ្រប់កងឯកភាពស្ថិតនៅក្នុង ភូមិសាស្ត្រដែល ខ្លួនទទួលខុសត្រូវ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា កន្លងទៅនេះ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតស្នើសុំសម្តេច តេជោ ហ៊ុន សែន សម្រេចលើ ចំណាត់ការ មួយចំនួន ចំពោះ រថយន្តដែលប្រើផ្លាក លេខ ខ.ម និង ន.ប ក៏ដូចជារថយន្ត ចង្កូតស្តាំផងដែរ។
ក្នុងសំណើនោះលោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យគ្រប់ក្រសួង និងស្ថាប័នត្រូវអនុវត្តឱ្យបាន ម៉ឺងម៉ាត់ នូវច្បាប់ និងគោលនយោបាយ ហាមឃាត់ការនាំចូល និងប្រើប្រាស់ រថយន្តចង្កូតស្តាំ (លើកលែងតែ មានការ អនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេស ដូចជា រថយន្តអគ្គិភ័យ រថយន្តដឹក សំរាម ជាដើម) ដោយមិនត្រូវពាក់ ព័ន្ធដោយផ្ទាល់ ឬប្រយោល ក្នុងទម្រង់ណាមួយ ក្នុងការ «ទទួលស្គាល់» រថយន្តចង្កូតស្តាំ ដែលជាប្រភេទ រថយន្តខុសច្បាប់។
ក្នុងករណីរកឃើញ បុគ្គលដែលមាន ការពាក់ព័ន្ធខាងលើត្រង់ ចំណុចនេះ បុគ្គលនោះត្រូវទទួល រងទោស ទណ្ឌតាម ច្បាប់ជាធរមាន។ក្នុង សំណើនោះ ក៏បាន បញ្ជាក់ដែរថា ការអនុញ្ញាត ឲ្យបង់ពន្ធ និងអាករនាំចូល ចំពោះរថយន្ត ចង្កូតស្តាំ មានស្រាប់ក្នុងស្រុក ជាលើក ចុងក្រោយត្រឹម ដំណាច់ ខែមិថុនា ឆ្នាំ២០២២។
ប៉ុន្តែត្រូវកែចង្កូត ពីស្តាំមកឆ្វេង ដើម្បីឲ្យស្រប ច្បាប់ ចរាចរណ៍ផ្លូវគោករបស់ កម្ពុជា។ បន្ទាប់ពីនោះ រថយន្ត ចង្កូតស្តាំ ដែលត្រូវបង្ក្រាបបាន នឹងតម្រូវឲ្យដោះ បំ.បែក ជាគ្រឿងបន្លាស់ ឬក.ម្ទេចចោល៕