នាយកក្រុមហ៊ុន ធីដាប់បេលយូ លី ស៊ីន ថេកណឡជី (TW LI XIN TECHNOLOGY CO, LTD)នារសៀលថ្ងៃទី ៣សីហានេះ បានធ្វើសន្និសីទកាសែត មួយរៀបរាប់ពី លោកធំខ្មែរ មួយរូបបានលក់ដី(ដីខ្យល់ ឱ្យរូបលោក)ហើយបានទទួលលុយកក់ ២០% ស្មើនឹង៦៦ម៉ឺនដុល្លារ
អស់រយៈពេល ៤ឆ្នាំហើយ មិនឃើញប្រគល់ ដីមកឱ្យលោក លុយក៏ មិនសង ហើយលោកបាន ប្តឹងទៅ តុលាការ ត្រូវបានតុលាការ សម្រេចតម្កល់រឿងទុកមិ នចាត់ការ ហើយនៅពេលនេះ តាមរយៈមេធាវី គាត់បានប្តឹង ទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីជួយរកយុត្តិធម៌ ។
លោកជី កានយូ នាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី មានអាសយដ្ឋាន នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បាននិយាយថា លោកបាន មកប្រទេស កម្ពុជាកាលពីឆ្នាំ ២០១៧ ដើម្បីមកវិនិយោគ នៅទីនេះ ហើយក៏បានជួបលោកផល,លោកផល បានណែនាំ ឱ្យជួបលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ធ្វើការ នៅក្រសួងមហាផ្ទៃ។
បន្ទាប់មកលោកស៊ុន ហួរ បាននាំរូបលោក ទៅក្រុងព្រះសីហនុ ហើយប្រាប់ថា «គាត់មានដីជាង មួយហិកតា រួចបង្ហាញប្លង់ថា គាត់ចង់លក់តម្លៃ ៣លាន៣សែនដុល្លារ»។ លោកក៏បានសម្រេចចិត្តទិញ ដោយបានកក់លុយ លើកទីមួយចំនួន ១០%ស្មើនឹង៣៣ ម៉ឺនដុល្លារ។
លោកជី កានយូ និយាយ បន្តថា បន្ទាប់មកលោកក៏បាន រកមេធាវី ដោយមានលោក មៀច សំអ៊ាន់ ជាមេធាវី តំណាងដោយអាណត្តិ ដើម្បីធ្វើកិច្ចសន្យាទិញ ដីនោះ។ក្រោយពេលលោកមេធាវី ចុះសាកសួររួច ក៏បានបញ្ជាក់ ប្រាប់លោកវិញថា «ដីនេះមិនអាចទិញបានទេ ព្រោះដីនោះមិនមែនជាដីរបស់លោកស៊ុន ហួរទេ ម្ចាស់ដីឈ្មោះផ្សេង»។
ពេលនោះលោកមាន ចិត្តភ័យខ្លាច ថារូបលោកត្រូវបានគេ បោកប្រាស ហើយលោកក៏បាន ទៅជួបលោក ស៊ុន ហួរ រួចប្រាប់ថា «ខ្ញុំឈប់ទិញដីនោះហើយ»។តែលោក ស៊ុន ហួរប្រាប់ថា «គាត់អត់មាន លុយទេ ព្រោះយកលុយ ទៅដោះស្រាយ ដីនោះ អស់ហើយ ក្នុងរយៈពេលមួយឆ្នាំ គាត់នឹងដោះស្រាយ យកដីនោះ បាន សូមកុំបារម្ភទៀត!»។
លោកជី កានយូ និយាយបន្តថា ដោយលោកគិតថា មិនអាចយកលុយ នោះ បាន លោកក៏សម្រេចចិត្តជឿលើ គាត់ម្តងទៀត ព្រោះគាត់ពាក់ផ្កាយ ៣នៅក្រសួងមហាផ្ទៃ ហើយក៏បានកក់ លុយថែម ១០%ទៀតសរុប ២០%ស្មើនឹង ៦៦ម៉ឺនដុល្លារ ដោយគាត់បានសន្យាថា «នឹងយកដីនេះមកឱ្យគាត់ កាត់ប្លង់ ដាក់ ឈ្មោះលោកតែម្តង»។
ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ហួរ នៅតែមិនអាច យកដីនេះមកឱ្យរូប លោកបាន ហើយលោកក៏ បានឱ្យមេធាវីប្តឹងទៅតុលាការចោទពីបទ «ឆបោក» ។ តែពេលនេះតុលាការបាន ជូនដំណឹងនាថ្ងៃទី ២សីហាឆ្នាំ ២០២១មកថា « តុលាការ សម្រេចតម្កល់រឿងទុកមិន ចាត់ការ »ដែលធ្វើឱ្យលោកបាត់ បង់ លុយ យ៉ាងច្រើន។
លោក នាយកក្រុមហ៊ុន បានបន្តថា នៅពេលចុងក្រោយនេះ រូបលោក ឮថា ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌កម្ពុជា ដែលស្រឡាញ់សច្ចធម៌ អាចនឹងរកយុត្តិធម៌ជូន លោកបាន ហើយលោកបានឱ្យមេធាវី រៀបចំបែបបទ ដើម្បីដាក់ ពាក្យបណ្តឹងទៅជូនឯកឧត្តមរដ្ឋមន្ត្រីមេត្តា ជួយរកយុត្តិធម៌រួច ហើយ ។ លោកសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីនឹងជួយរូបលោក ដែលជាអ្នកវិនិយោគមកពីបរទេស រួម ចំណែកជួយសេដ្ឋកិច្ចកម្ពុជា។
នាល្ងាចថ្ងៃដដែលនេះ គេហទំព័រកម្ពុជាថ្មី បានព្យាយាមសុំការ បំភ្លឺពីលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ធ្វើការ នៅក្រសួងមហាផ្ទៃ ជុំវិញកាលើកឡើងរបស់ លោកជី កានយូ លោកនាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡជី រឿងទិញ-លក់ដីធ្លីខាងលើនេះ ប៉ុន្តែមិនអាច ទំនាក់ទំនងបានឡើយ។
យោងតាមឯកសារ ដែលបានចែកចាយ នៅក្នុងសន្និសីទកាសែត បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ លេខ នស/រកត/០៥២០/៥៥៦ ចុះថ្ងៃទី ២៩ឧសភាឆ្នាំ២០២០ បានបញ្ចប់ និង តែងតាំង ផ្តល់ឋានៈ លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ អត្តលេខ ៧៨១១១ ពីអនុប្រធានក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ មកជា«ទីប្រឹក្សាក្រសួងមហាផ្ទៃមាន ឋានៈស្មើ អគ្គនាយក»។
យោងតាមកិច្ចសន្យាទិញ-លក់ដី បានបញ្ជាក់ថា លោកឧត្តម សេនីយ៍ឯក ស៊ុន ហួរ កើតនៅឆ្នាំ១៩៦៩ មានទីលំ នៅផ្ទះលេខ៤២៥អឺ០ ផ្លូវលេខ១៩៨ ក្រុម១៧ ភូមិ៤ សង្កាត់បឹង ព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានលោក មេធាវីមៀច សំអ៊ាន់ ចុះហត្ថលេខា បញ្ជាក់ លើកិច្ចសន្យាចុះថ្ងៃទី៧ខែមករាឆ្នាំ២០១៨ ទៀតផង ៕