អភិបាលខេត្តកំពង់ចាម៖ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នៅក្នុងខេត្ត នាប៉ុន្មានថ្ងៃចុងក្រោយនេះ មូលហេតុមាន ៥ ចំណុច
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នោះ ឲ្យប្រសើរឡើងវិញ ។អូ
កិច្ចប្រជុំនេះ មានការចូលរួម ពីឯកឧត្ដម ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយផ្អែកទៅនឹងស្ថានភាព ជាក់ស្ដែង នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម នាប៉ុន្មាន ថ្ងៃនេះ យើងអាចវាយតម្លៃលើការណ៍ទាំងស្រុងដោយ ផ្ដោតលើកត្តា ៥ ចំណុច គឺ ៖
១.ដោយសារប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងរួចហើយ មានការធ្វេសប្រហែស មិនបានអនុវត្តវិធានការ ជាពិសេស វិធានសុខាភិបា «៣ការពារ ៣កុំ» ។
២.ការបណ្ដែតបណ្ដោយ និងការគ្រប់គ្រងអ្នកជម្ងឺដែលអនុញ្ញាតឲ្យនៅសម្រាកព្យាបាល នៅតាមផ្ទះ ច្បាស់លាស់ ជាពិសេស នៅពេលគាត់ ឆ្លងរួចហើយ តែសុខភាពធម្មតា ហើយអាចចម្លងទៅអ្នកដទៃបាន ។
៣.ការអនុញ្ញាត ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ តែសាមីខ្លួន មិនគោរពតាម វិធានសុខាភិបាល ។ ៤.ទាក់ទងជាមួយ អារម្មណ៍របស់មនុស្ស នៅពេលបុណ្យទានម្ដងៗ ភ្លេច គិតគូរអំពីសុខភាព តាមរយៈ ធ្វើដំណើរពី តំបន់មួយ ទៅតំបន់មួយ ដើម្បីជួបជុំមិត្តភ័ក្រ ហើយហូបចុក ជាដើម ។
៥.ភាពធ្វេសប្រហែស របស់មន្ត្រី ឬអាជ្ញាធរមូលដ្ឋាន មិនបានត្រួត ពិនិត្យ ឬចុះអន្តរាគមន៍ ឲ្យជាប្រចាំ ។ឯកឧត្ដម អភិបាលខេត្ត ស្នើដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ ពង្រឹងគោល គោលជំហរ នៃការអនុវត្តភារកិច្ចឡើងវិញ ដោយ ៖
ទី១.ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការ សុខាភិបាល «៣កុំ ៣ការពារ» ឲ្យកាន់តែទូលំទូលាយ ថែមទៀត ដើម្បី ប្រជាពលរដ្ឋមាន ការភ្ញាក់រលឹកឡើងវិញ ។
ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័ក នៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួម នឹងការសរសេរបម្រាម ការពាត ឲ្យបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវចុះស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ដើម្បី ធ្វើ ចត្តាឡីស័ក ។
ទី៣.មន្ទីរសុខាភិបាលត្រូវ ខិតខំ ធ្វើយ៉ាងណា ឲ្យយន្តការ នៃការព្យាបាលជម្ងឺ នៅតាមផ្ទះ ជាពិសេស ត្រូវមានក្រុម គ្រូពេទ្យពិនិត្យមើលអ្នកជម្ងឺឲ្យបាន ជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅ តាមការណែនាំ របស់ក្រសួង សុខាភិបាល ។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាល ជម្ងឺ ឲ្យបានលឿនជាងមុន ។
ទី.៤.ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះ ជនខិលខូចទាំងឡាយ ដែល គេចវែស ការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំង ជនមិនគោរពតាម វិធានសុខាភិបាល ផងដែរ ។ទី៥.ត្រូវបន្តការគ្រប់គ្រងចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត ។ទី៦.ជម្រុញការបា.ញ់.ថ្នាំ.ស.ម្លា.ប់.មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហា.និភ័យ ។
ទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល ។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក ។ យើងធ្វើបែបនេះ ដើម្បី បញ្ជៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស ។
ជាមួយគ្នានោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំ ទៅដល់អាជ្ញាធរក្រុង ស្រុក ក៏ដូចជា វិស័យពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ធ្វើយ៉ាងណា កុំឲ្យស្ថានការណ៍នេះវិវឌ្ឍធ្ងន់ធ្ងរ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍នេះ ឲ្យល្អប្រសើរ និងឈានទៅស្ងប់ស្ងាត់ទៅវិញ ៕រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម