មកដល់ពេលនេះ មានព្រះសង្ឃ ព្រះពុទ្ធសាសនា នៅទូទាំងប្រទេស ប្រមាណជាង ៩៥០អង្គ បានឆ្លងជំងឺ កូវីដ-១៩ ក្នុងនោះមាន ៧អង្គបាន អនិច្ចធម្ម។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ នៅថ្ងៃទី៣០ ខែកញ្ញានេះថា គិត រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានព្រះព្រះពុទ្ធសាសនា នៅទូទាំងប្រទេស ចំនួន ៩៤៤អង្គ បានឆ្លង ជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ៣៣៨អង្គ កំពុងសម្រាកព្យាបាល ជំងឺចំនួន ១៩៩អង្គ និងអនិច្ចធម្ម ចំនួន ៧អង្គ។
លោក សេង សុមុនី បានបន្តថា មូលហេតុដែល បណ្តាលឱ្យព្រះសង្ឃឆ្លងជំងឺកូវីដ-១៩ គឺមានព្រះសង្ឃខ្លះ បានឆ្លងពីក្មេងវត្តចេញទៅធ្វើជាកម្មករនៅខាងក្រៅ ហើយបានមក ចម្លងជំងឺដល់ព្រះសង្ឃ និងព្រះសង្ឃខ្លះទៀត បានឆ្លងជំងឺកូវីដ-១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រ នៅខាងក្រៅដែលករណីទាំងនេះ កើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ-១៩វិញ ភាគច្រើន ព្រះអង្គបាន ចូលរួមពិធីបុណ្យទានផ្សេងៗ។
ថ្មីៗនេះមានផ្ទុះកូវីដ-១៩ នៅតាមវត្តអារាម មួយចំនួននៅក្នុង រាជធានីភ្នំពេញ បានបង្ខំឱ្យរដ្ឋាភិបាល ផ្អាកប្រារព្ធពិធី កាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ភ្ជុំបិណ្ឌ ដើម្បីទប់ ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩។ ប៉ុន្តែពុទ្ធបរិស័ទអាច យកចង្វាន់ទៅប្រគេនព្រះសង្ឃបាននៅខាងក្រៅរទ្វារវត្ត ដោយអនុវត្តតាម វិធានការ ៣កុំ៣ការពារ។
ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យចុះយក សំណាកព្រះសង្ឃ និងកូនសិស្សលោកតាមវត្តក្នុង រាជធានីភ្នំពេញ ដោយ រកឃើញព្រះសង្ឃ និងកូនសិស្សលោក ប្រមាន ជាង ១៤០អង្គនាក់ ឆ្លងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានចេញ សេចក្តីសម្រេច ជាផ្លូវការ ឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ ជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល បានណែនាំដល់គណៈអភិបាល រាជធានី-ខេត្ត ត្រូវធ្វើការសម្រប សម្រួលជាមួយ យន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានា ដល់ការនាំយក ចង្ហាន់ និងទេយ្យវត្ថុចាំ បាច់នានា ប្រគេនដល់ ព្រះសង្ឃនៅ តាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុង សមត្ថកិច្ចដែនដី របស់ខ្លួន។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅ តែរក្សាការ ឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាក ការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១៕