មន្រ្ដីជំនាញសុខាភិបាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានរកឃើញ អ្នកឆ្លងកូវីដ-១៩ សរុប ១៦៩នាក់ ហើយ ក្នុងនោះមានជនជាតិ បរទេស ចំនួន ១២៣នាក់។
លោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធាន មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ កាលពីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្ដីសុខាភិបាលបាន រកឃើញ ករណីឆ្លងកូវីដ-១៩ លើជនជាតិ ឥណ្ឌូនេស៊ីម្នាក់ ឈ្មោះ ចនហាន់ ស៊ូហាន់តូ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅផ្ទះជួល បុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គី មានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
ក្រោយមានករណីបែបនេះ អាជ្ញាធរខេត្តបាន អនុវត្ដតាមការណែនាំ ពីក្រសួងសុខាភិបាល បានម្រេចបិទ ខ្ទប់ការ ចេញ-ចូល នៅចំណុច ក្រហម ចំនួន៤ទីតាំង ក្នុងភូមិ សាស្ត្រសង្កាត់ ប៉ោយ ប៉ែត។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញបានយក សំណាកអ្នក ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល សរុប ១ ៣៨៧នាក់ (ស្រី៣៦០នាក់) ហើយក្នុងចំណោម មនុស្សទាំងនោះ មានជនជាតិខ្មែរ ចំនួន៥៤៤នាក់ (ស្រី២៥៣នាក់)។
ក្រោយពេលយកសំណាក របស់មនុស្សពាក់ព័ន្ធមកធ្វើតេស្តរក មេរោគកូវីដ-១៩នោះមក ក្រសួងសុខាភិបាល កម្ពុជា បានប្រកាសលទ្ធផល ជាផ្លូវការថា រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ សរុប ១៦៩នាក់ (ស្រី៤៨នាក់) ហើយក្នុងនោះ មានជនជាតិឥណ្ឌូនេស៊ី ចំនួន ១២០នាក់ ជនជាតិចិនចំនួន ៣នាក់ និងខ្មែរ ចំនួន៤៦នាក់។
ក្រោយពេល រកឃើញវិជ្ជមាននោះ មក អ្នកឆ្លងកូវីដ-១៩ទាំងនោះ ត្រូវបានមន្រ្ដីជំនាញនាំ ទៅដាក់ឲ្យសម្រាក ព្យាបាល នៅក្នុងមន្ទីរសុខាភិបាល ខេត្តបន្ទាយ មានជ័យ៕