កាលពីពេលថ្មីៗនេះ កសិករ តៃ សុង ដែលដាំដុះសាលាដ នៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានមន្រ្តីមន្ទីរ កសិកម្មខេត្តកណ្ដាល ចុះទៅធ្វើការ អប់រំណែនាំដល់ផ្ទះ ក្រោយពីលោក បាន បង្ហោះរឿងភ្ជួរ សាលាដចោល ព្រោះតែគ្មានទីផ្សារ ក្នុងវិបត្តិកូវីដ-១៩ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុន។
យ៉ាងណាមិញ បើយោងតាមការ បង្ហោះរបស់កសិកររូបនេះ បានសរសេររៀបរាប់ឲ្យដឹងថា៖ «សូមជំរាបបងប្អូនកសិករ យើងទាំងអស់បើសិន ជាមានបញ្ហាបន្លែលក់ មិនចេញគ្មាន ទីផ្សារលក់ រឺមិនមាន ឈ្មួញកណ្តាល ចុះទិញ បងប្អូនអាចតេសួរ គាត់សិនមុនបង្ហោះភ្ជួរចោល រឺចែក គ្នាហូប ព្រោះព្រឹកមិញ គាត់មកណែនាំ ខ្ញុំពីរឿងបង្ហោះ បន្លែគ្មាន អ្នកទិញ ដោយសារជំងឺCOVID-19សូមអរគុណ»។
ដោយឡែក បើតាមការមើល នៅក្នុងកំណត់ ហេតុដែល លោក តៃ សុង ត្រូវបានមន្រ្តីមន្ទីរកសិកម្មខេត្តកណ្ដាលចុះ ទៅធ្វើការអប់រំណែនាំនោះ បានបញ្ជាក់ឲ្យឃើញថា ប្រសិនបើលោក ក៏ដូចជាកសិករផ្សេងៗទៀត ជួបករណី បន្លែគ្មាន ទីផ្សារប្រឈមមុខនឹងការភ្ជួរចោលទៀតនោះ
ត្រូវតែជូនដំណឹងជាមុនដល់ ខាងមន្ទីរដើម្បីចុះធ្វើការដោះស្រាយប្រកបដោយប្រសិទ្ធភាព គប្បីពុំគួរបង្ហោះជាសាធារណៈបែបនេះទេ ដែលការបង្ហោះ គឺបានធ្វើឲ្យសាធារណៈជន មានការយល់ខុស លើមន្ទីរ ដែលកន្លែងមកនេះ ខាងមន្ទីរតែងតែសស្រាក់សស្រាំជួយ ដោះស្រាយបញ្ហានានា ជូនដល់កសិករ។
គួរជម្រាបដែលថា ម្ចាស់បន្លែដាំដុះលើផ្ទៃដី ៣ហិកតា និងជាអ្នកលក់ជី និងថ្នាំកសិកម្មផងនោះ លោក តៃ សុង បានលើកឡើងកាលពីពេលថ្មីៗនេះថា សាឡាត់របស់លោក ទើបតែភ្ជួរចោលអស់ ១០តោនកាលពីសប្តាហ៍មុន។ លោកបន្តថា ក្នុងរយៈពេលជាង១០ថ្ងៃខាងមុខ សាឡាត់របស់លោកចំនួន ២៥តោនទៀត នឹងត្រូវភ្ជួរចោលទៀត។
លោក តៃ សុង អះអាងថា បន្លែដែលប្រឈមឈូសឆាយចោលពេលនេះ គឺមិនមែនតែរបស់លោក នោះទេ គឺបើគិតទាំងបន្លែដែលប្រឈម ឈូសឆាយចោលរបស់ កសិករផ្សេងទៀតនៅ ក្នុងឃុំទឹកវិលនេះមានចំនួនប្រមាណ ៥០០០តោន ៕