ដូចដែលបាន ដឹងស្រាប់ហើយថា ការបិទខ្ទប់ ជាពិសេស គឺក្នុងរាធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលនៃជំងឺកូវីដ១៩ គឺបានបង្កផលប៉ះពាល់ យ៉ាងខ្លាំង សម្រាប់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងនោះជាពិសេស បងប្អូនកម្មករ កម្មការិនី ដែល ជាប់នៅក្នុង តំបន់បិទខ្ទប់ គឺពិតជាប្រឈមនឹង ការខ្វះខាត ស្បៀងជាខ្លាំង ព្រោះតែពុំបាន ត្រៀមទុកជាមុន នៅក្នុង កាលៈទេសដែលរាជរដ្ឋាភិបាល សម្រេច បិទខ្ទប់ដ៏ ប្រថុចញ៉ុចនេះ។
ប៉ុន្តែ ទន្ទឹមនឹងរាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់អំណោយ ស្បៀងអាហារ និងក៏បានចែកជូន ទៅដល់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះ អាហារហូបចុក នៅតំបន់ ជាច្រើនរួចហើយក្តី ក៏នៅមាន ទីកន្លែងបិទខ្ទប់ខ្លះ ការចែក អំណោយពុំទាន់បានទៅ ដល់នោះទេ។
ជាក់ស្តែង ដូចជាកម្មករ កម្មការិនី ស្ថិតនៅផ្ទះជួល រោងចក្រអាមេរិកកាំង (ផ្លូវលំ មុខផ្សារទួលពង្រ) ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ដែលជាតំបន់ក្រហម ផងដែរ គឺមកទល់ពេលនេះ ពួកគាត់ ពុំទាន់ទទួល បានអំណោចស្បៀង អាហារណា មួយនោះទេ។
មែនហើយ ជាង២សប្តាហ៍ នៃការបិទខ្ទប់ ក៏បានកន្លងផុតរួចហើយ គឺពួកគាត់ថាអាចទ្រាំស៊ូបាន ប៉ុន្តែ ដោយសារតែរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់បន្តទៀត ហេតុនេះ ពួកគាត់ក៏សូមអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល និងក៏ដូចសប្បុរសជននានា មេត្តាចុះមកជួយផ្តល់ជាអង្ករ និងម្ហូបអាហារ ដល់ពួកគាត់ឲ្យបានដូចទីកន្លែងដទៃផង៕