ពលរដ្ឋរស់នៅតំបន់ក្រហម មួយចំនួននៅថ្ងៃសៅរិ៍នេះ បានស្នើឲ្យអគ្គិសនី កម្ពុជារកវិធីជួយ សម្រួលថ្លៃបង់ ភ្លើង ក្នុងកម្រិតណាមួយ ព្រោះក្នុងអំឡុងពេល បិទខ្ទប់ពួកគាត់មិនអាចចេញ ទៅប្រកបការងារ ដើម្បីរកចំណូល បាននោះទេ។
ការស្នើសុំនេះត្រូវ បានធ្វើឡើង ក្រោយពេលដែលអគ្គិសនីកម្ពុជាបានអំពាវនាវ ដល់ពលរដ្ឋក្នុងតំបន់បិទ ខ្ទប់ឲ្យទូទាត់ថ្លៃភ្លើងតាមរយៈធនាគារ ឬតាមទីតាំងបង់ ប្រាក់ ណាមួយដែលនៅជិតបំផុត។
ពលរដ្ឋនៅ «តំបន់ក្រហម» នៃតំបន់បិទខ្ទប់នៅខណ្ឌមានជ័យប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខណមិន បញ្ចេញឈ្មោះនៅថ្ងៃទី ១ ខែ ឧសភានេះថា ការបង់ថ្លៃភ្លើង ដែលធ្វើតាមរយៈផ្ទេរទឹកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យាអែប របស់ធនាគារ គឺជារឿងងាយស្រួល ទោះបីបច្ចុប្បន្នស្ថិត នៅក្នុងតំបន់ក្រហមក៏ដោយ។ ប៉ុន្តែពួកគាត់មាន បញ្ហាលំបាក គឺគ្មានចំណូល ដោយសារ តែមិនអាចចេញទៅប្រកបការងារបាន ខណៈពេលដែល តម្លៃភ្លើងនៅតែ ត្រូវបង់ពេញថ្លៃដដែល។
បុរសជាបុគ្គលិក ក្រុមហ៊ុនឯកជនម្នាក់ បានបញ្ជាក់ថា៖ «យើងអត់មានចំណូលទេ។ យើងចេញទៅធ្វើការរកស៊ី អត់កើត ប៉ុន្តែថ្លៃភ្លើងធម្មតានៅខែ ក្តៅហ្នឹងវាមានការ កើនខុសពីខែមុនៗទី១។ ទី២ ដូចជាអត់មាន ការបន្ធូរបន្ថយពី ខាង EDC ទេ។ កន្លងមកខ្ញុំធ្លាប់ឃើញ សេចក្តីប្រកាស លើកលែងការបង់ភ្លើង ការអីដែរ សម្រាប់អ្នកនៅតំបន់ បិទខ្ទប់ ប៉ុន្តែលើកហ្នឹងមិនមានការលើកលែងការបង់អីទេ។ គេនិរាករអស់អ៊ីចឹង គឺយើង ត្រូវបង់ធម្មតា»។
ដោយមូលហេតុគ្មានចំណូល ហើយត្រូវតែចំណាយផ្សេងៗ ទៀតជាច្រើននោះ ពលរដ្ឋស្នើសុំដល់ អគ្គិសនីកម្ពុជាជួយរៀបចំជម្រើសណាមួយ ដើម្បីបន្ធូរបន្ថយដល់ ការ បង់ថ្លៃភ្លើងសម្រាប់ពួកគាត់ផង។
លោកថ្លែងបន្តថា៖ «នៅពេលប្រជាពលរដ្ឋរកចំណូលអត់ បានរដ្ឋគួរតែ មានការបន្ធូរបន្ថយខ្លះ។ បើមិនមាន ការលើកលែងរយៈពេលពីរបីខែទេ ក៏គួរមានការ បញ្ចុះតម្លៃណាមួយ ឬក៏មានការពន្យារ ណាមួយ អាចជាពីរខែបង់មួយខែ ឬក៏យ៉ាងម៉េច ដែលគេអាចជ្រើសរើសវិធីមួយដែលជួយ សម្រួលដល់ប្រជាពលរដ្ឋ រាប់រយ រាប់ពាន់គ្រួសារ ដែលគេបិទខ្ទប់ ចេញទៅក្រៅ អត់កើត»។
ចំណែកបុរសម្នាក់ផ្សេងទៀត ក្នុងតំបន់បិទខ្ទប់នៅសង្កាត់ទួលសង្កែ ក៏បាននិយាយផងដែរថា លោកមិនធ្លាប់ ធ្វើការបង់ថ្លៃភ្លើងតាមរយៈបច្ចេកវិទ្យារបស់ ធនាគារនោះទេ។ ប៉ុន្តែផ្ទះរបស់លោកស្ថិតនៅក្បែរ អគ្គិសនីកម្ពុជាដែលអាច ទៅបង់បាន។
លោកថា៖ «ក្នុងខែថ្មីនេះ ខ្ញុំមិនទាន់ទទួលបាន សំបុត្រភ្លើងនៅឡើយទេ។ អ៊ីចឹងមិនដឹងថា ការទៅបង់ពេល គេបិទខ្ទប់ហ្នឹងវាយ៉ាងម៉េចនោះទេ តែយ៉ាងណា ខ្ញុំគិតថា វាពិតជា ពិបាកហើយ ព្រោះតំបន់ក្រហមគេមិនអនុញ្ញាតឲ្យចេញក្រៅទេ»។
ឆ្លើយតបចំពោះបញ្ហារបស់ ប្រជាពលរដ្ឋនេះ អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ពន្យល់ថា ការដែល កម្ពុជាទិញភ្លើងពីក្នុងស្រុក និងក្រៅស្រុក សុទ្ធតែត្រូវបង់ឲ្យគេវិញ ទាន់ពេលវេលា បើមិនដូចនោះទេ គេនឹងផ្តាច់ភ្លើង ហើយគេ ពិន័យ ដែលនាំឲ្យមានមហន្តរាយ ទាំងអស់គ្នា។
លោកថ្លែងថា៖ «លុយដែលយើងយកមក ធ្វើខ្សែបញ្ជូនភ្លើង ដែលយើងយកពី ADB, World Bank, JICA បារាំង អាល្លឺម៉ង់ កូរ៉េ អីជាដើមហ្នឹង ក៏អត់មានពីណាព ន្យារពេល សងគេដែរ ហើយបងប្អូនទាំងអស់មិនថា នៅតំបន់ បិទខ្ទប់ទេ កន្លែងណាក៏គាត់រអ៊ូថា គាត់កូវីដហ្នឹងគាត់ រកស៊ីមិនបាន»។
លោកបន្តដូច្នេះថា៖ «ខ្ញុំយល់អំពីការលើកហ្នឹង ប៉ុន្តែវាមិនមែនជា សមត្ថកិច្ចរបស់យើង ព្រោះរដ្ឋាភិបាលមាន យន្តការមួយដោយឡែក គឺក្រោមការដឹកនាំ របស់ប្រធានគណៈកម្មការបិទខ្ទប់ បច្ចុប្បន្នរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គឺគណៈកម្មការហ្នឹងមានភារកិច្ចធ្វើការ ជាមួយ អាជ្ញាធរ ដើម្បីមើលថា ក្រុមគ្រួសារណា ដែលអត់ពិតប្រាកដ អ៊ីចឹងគាត់មានអន្តរាគមន៍ជួយជួយជាស្បៀង ជាលុយជាអ៊ីចឹងទៅ»។
បើតាមលោក រតនៈ នៅពេលដែលមន្ត្រីជំនាញអគ្គិសនីកម្ពុជាប្រជុំជាមួយគណៈកម្មការ បិទខ្ទប់បានប្រាប់ឲ្យបន្តធ្វើការងារធានាធ្វើយ៉ាងណា ឲ្យមាននិរន្តរភាព ក្នុងការ ផ្គត់ផ្គង់ភ្លើងកុំឲ្យដាច់។ ហេតុនេះ ការតម្រូវឲ្យពលរដ្ឋបង់ថ្លៃភ្លើង គឺត្រូវធ្វើដដែល។
លោកបញ្ជាក់ថា៖ «យើងមិនបានកាត់ភ្លើង ផ្ទះលំនៅឋានបងប្អូនអ្នកទីទាល់ណាមួយ នៅឡើយទេ គឺយើងតែងតែ អត់ធ្មត់ ដើម្បីឲ្យបងប្អូនមានឱកាស។ ទន្ទឹមហ្នឹង បងប្អូនប្រជាពលរដ្ឋជាទូទៅ ដែលមិនមានផលប៉ះពាល់ ធំដុំនោះ គួរចូលរួមបង់ព្រោះយើងត្រូវការប្រមូលថវិកា ដើម្បីធ្វើម៉េចឲ្យមាន លុយបង់ទៅថ្លៃភ្លើង ដែលយើងទិញមក ថ្លៃខ្សែដែលយើង បង់ការប្រាក់ទាំងអស់ហ្នឹង»។
លោក កែវ រតនៈ តាមរយៈសេចក្តីជូនដំណឹង ចុះថ្ងៃទី ២៩ ខែមេសា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់ ឲ្យជួយធ្វើការ ទូទាត់ថ្លៃអគ្គិសនីឲ្យបានទាន់ពេលវេលា ដើម្បីឲ្យអគ្គិសនីកម្ពុជាអាចមានលទ្ធភាពទូទាត់បន្តទៅអ្នកផលិត អគ្គិសនីទាំងក្នុងប្រទេស និងពីប្រទេសជិតខាង។
លោក កែវ រតនៈ បានឲ្យដឹងថា អគ្គិសនីកម្ពុជានៅដំណើរការ បម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ជាធម្មតា ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងការរាលដាលនៃជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ ចរន្តអគ្គិសនីបន្តទៀត និងដើម្បីឲ្យអគ្គិសនី កម្ពុជាអាចមានលទ្ធភាព ទូទាត់បន្តទៅអ្នកផលិតអគ្គិសនីទាំងក្នុងប្រទេស និងពីប្រទេសជិតខាង អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់អតិថិជនរបស់អគ្គិសនីកម្ពុជាមេត្តាព្យាយាមជួយទូទាត់ថ្លៃប្រើប្រាស់ថាមពល អគ្គិសនីតាមកម្មវិធី នៃប្រព័ន្ធទូទាត់របស់បណ្ដាដៃ គូដែលជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ឬអញ្ជើញទៅទូទាត់ផ្ទាល់ នៅទីតាំងដែលនៅជិតបំផុតតាមដែលលោកអ្នកអាចធ្វើបាន»។
សេចក្តីជូនដំណឹងដដែលនេះក៏បាន បញ្ជាក់ផងដែរថា ចំពោះទីតាំងធំៗដែលធ្វើការទូទាត់ តាមរយៈមូលប្បទានប័ត្រ អគ្គិសនីកម្ពុជាបានរៀបចំក្រុមការងារ ដើម្បីសម្រប សម្រួលការទូទាត់ថ្លៃប្រើប្រាស់ថាមពល អគ្គិសនីរបស់អតិថិជន នៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់ដោយគ្រាន់តែ អាចទំនាក់ទំនងម កអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទដែលមាន លើវិក្កយបត្ររៀងរាល់ម៉ោងធ្វើការ។
ក្រៅពីនេះពលរដ្ឋទាំងអស់អាចបង្វែរការទូទាត់ តាមធនាគារមកកាន់គណនេយ្យណាមួយ របស់អគ្គិសនីកម្ពុជា រួចថតចម្លងឯកសារដែលបញ្ជាក់ថា ទូទាត់រួច និងផ្ញើទៅ កាន់លេខទូរសព័្ទ ០១២ ៦៨៥ ៧៨៩ តាមរយៈ បណ្តាញសង្គម អេឡិចត្រូនិក WhatApp ឬ Telegram ។
អគ្គិសនីកម្ពុជាបាន អំពាវនាវថា៖ «អាស្រ័យហេតុនេះ សូមលោក-លោកស្រី មេត្តាចូលរួម អនុវត្តឲ្យមានប្រសិទ្ធភាព រហូតដល់មានការជូនដំណឹងជាថ្មី។ ការរួមគ្នាទទួលខុសត្រូវបែបនេះ ជាវិធីតែមួយគត់ដែលអាច ធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីជូនជាតិយើងបាន»៕