CEN៖ នេះជាករណីដ៏ ភ្ញាក់ផ្អើលមួយ ខណៈដែលបុរសជាអ្នករត់ម៉ូតូ ឌុបម្នាក់ ត្រូវបានជនម្នាក់ ដែលអះអាង ថា ជាតៃកុង ឡាន មានប្រាក់ខែពី ៥០០ ដុល្លារ ទៅ ៦០០ ដុល្លារ បានឲ្យដឹកពី កន្លែងផ្ទះសំណាក់ ឌុប ទៅកន្លែងហាងកាហ្វេកៀបស៊ី តាមរយៈ វិធី មួយនេះ ប៊ិះ អស់ម៉ូតូ ១គ្រឿង។
បុរសរូបនោះ ដែលសុំមិនបញ្ចេញ ឈ្មោះ បានប្រាប់ CEN ឲ្យដឹងថា ដំបូងឡើយ គាត់បានឌុបបុរសម្នាក់ ចេញពី សំណាក់មួយកន្លែងម្តុំកាំភ្លើងគួច កាណុង (ជ្រោយចង្វា) ដើម្បីទៅបើកប្រាក់ខែ នៅ ម្តុំស្ទឹងមានជ័យ (ឆ្លងស្ពានលូទឹកស្អុយចូលទៅ រាងជ្រៅ ទល់មុខមន្ទីរពេទ្យរុស្ស៊ី) ក្នុងតម្លៃឈ្នួល ឌុប ទៅមក ២ ម៉ឺនរៀល។ នៅពេលទៅដល់ ជននោះ បានឲ្យគាត់ រង់ ចាំសិន ព្រោះថៅកែឡានមិន ទាន់មក និងបន្ទាប់ មក បានធ្វើជាល្អ ទិញកាហ្វេ ឲ្យផឹក រួចក៏បបួល លេងបុកប៊ីយែ។
បុរសម៉ូតូឌុបបាន រៀបរាប់បន្តថា ដំបូង ជននោះធ្វើជាលេង ចេញតុង (លេងសប្បាយៗ) ជាមួយគាត់ ដើម្បីរង់ចាំ ថៅកែ ប៉ុន្តែ លុះបន្ទាប់មក ក៏លេចមុខ គ្នីគ្នាជននោះ (ជើងខ្លាំង ទម្លាក់ធ្វើស៊ី) ចូលមកលេង ដូយ (១ទល់១) ដោយធ្វើជាអត់ ចេះ បុក (បុកចូលឡូស្អុយ) រហូតធ្វើឲ្យគាត់ឈ្នះបាន លុយប្រហែល ៣០០ ដុល្លារ ទៅ ៤០០ ដុល្លារ (ប៉ុន្តែ លុយឈ្នះ ទាំងនេះ គឺ «អ្នកជិះម៉ូតូ» ដែលធ្វើជាឈរដាក់លុយ នៅខាងគាត់ ជាអ្នកកាន់។
គាត់បន្តថា ប៉ុន្តែ នៅពេលទម្លាក់ ឲ្យឈ្នះត្រឹមទឹកលុយ ប្រហែល ៤០០ ដុល្លារ ស្រាប់តែគេ ចាប់ផ្តើមបញ្ចេញ ថ្វីដៃ (លែងទម្លាក់ទៀតហើយ) រហូតធ្វើឲ្យគាត់ ចេញលុង ទៅៗ ហើយស្របពេលនោះ ក៏រាងឈឺក្បាល ទំនងត្រូវថ្នាំក្នុងកាហ្វេ ជនដែលប្រើល្បិចឲ្យឌុបមក បានប្រាប់ ឲ្យគាត់បញ្ចាំ ម៉ូតូនៅកន្លែង ហាងកាហ្វេ (កន្លែងលេង) ហ្នឹងទៅ។
ទោះយ៉ាងណា បុរសម៉ូតូឌុបថា សំណាងហើយ ប្រហែលមាន បារមីជួយ គាត់នៅមាន ស្មារតីឆ្លាត ក៏បានលេងល្បិច ទៅពួកគេថា អត់បញ្ចាំនៅ ទីហ្នឹងទេ យកទៅម៉ូតូទៅបញ្ចាំ កន្លែងបងប្អូន នៅក្បែរហ្នឹងដែរ អត់អស់ ការប្រាក់ ដោយទុកមួក សុវត្ថិភាពនៅទីនោះឲ្យពួក គេទុកចិត្ត នៅពេលនោះ គឺជាឱកាសដែល គាត់ដាក់មេប្រូចរត់យករួចខ្លួន ទាំងព្រលឹង អស់ពីខ្លួន។
តាមរយៈនេះ ផងដែរ គាត់ក៏សូមផ្តាំទៅ បងប្អូនអ្នករត់ម៉ូតូឌុប ឬ កង់បីទាំងឡាយ សូមមាន ការប្រុងប្រយ័ត្ន ចំពោះស៊ីរបស់ភ្ញៀវជាជនខិលខូច ដែលបាននិយាយធ្វើជាល្អជា មួយយើង ប៉ុន្តែ ធាតុពិត គឺយកយើងទៅ គៀបស៊ី ដូចករណីគាត់អុីចឹង៕