ងៀប តៃសុង បានប្រកាស ឱ្យក្រសួង កសិកម្មជួយរកទីផ្សារ សម្រាប់លក់ បន្លែ សាលាដរបស់ លោក បើពុំដូច្នោះទេ សាលាដ ២៥តោនទៀត នឹងត្រូវដល់ពេល ឈូសចោល ដើម្បីហាលដី ហើយលោក នឹងផ្អាក ការដាំដុះមួយរយៈ ដោយសារ គ្មាន ដើមទុនសម្រាប់ដាំបន្ត។
លោក ងៀប តៃសុង កសិករដាំបន្លែសាឡាដ ខ្ទឹម និងអំពៅនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាលបានប្រាប់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី២១ឧសភាថា លោកកំពុងព្យាយា មរកទីផ្សារ និងកំពុងអំពាវនាវឱ្យក្រសួងកសិកម្ម ជួយរកឈ្មួញឱ្យជួយ ទិញបន្លែសាលាដ របស់លោកចំនួន ២៥តោន ដែលវានឹងត្រូវខូចខាត ទាំងស្រុងក្នុងរយៈពេល ៤ទៅ៥ថ្ងៃទៀត។ លោកបន្តថា ប្រសិនបើសាលាដ ទាំងនោះទុករហូតត្រូវឈូសចោល នឹងធ្វើឱ្យលោកខាតបង់ ប្រាក់អស់ប្រមាណជាង ៣ពាន់ដុល្លារ។
លោកថា៖«៤ទៅ៥ថ្ងៃទៀតត្រូវឈូសចោល ហើយយើងផ្អាកដាំ ប៉ុណ្ណឹងសិន ព្រោះអីយើង អស់លទ្ធភាពដាំ បន្តទៀតហើយ។ ឲ្យតែអ្នកដាំសាលាដ នៅស្អាងហ្នឹងគឺអ៊ីចឹង ទាំងអស់! ម្នាក់ៗកំពុងរកឈ្មួញទិញ អត់បានដូចតែ ខ្ញុំអ៊ីចឹង។ មិនដឹងអ្នកណាជួយអ្នកណាទេ»។
លោក ប្រាប់ថា មន្ទីរកសិកម្មខេត្តកណ្ដាលមិនបានជួយរកទីផ្សារឲ្យកសិករ នោះទេ ផ្ទុយទៅវិញបានហាមឃាត់ លោកមិនឱ្យលោកថត បង្ហោះសកម្មភាព ត្អូញត្អែរគ្មាន ទីផ្សារថែម ទៀត។
ទោះជា យ៉ាងណា កាលពីថ្ងៃ២០ឧសភានេះ លោក ងៀប តៃសុង បានបន្តបង្ហោះ តាមហ្វេសប៊ុកថា ក្រសួង ឫមន្ទីកសិកម្ម បើមិនជួយលោក រកដំណោះស្រាយ ជុំវិញបញ្ហាគ្មានអ្នកទិញសាលាដ នេះទេ លោកនឹងសុខចិត្តជូន បន្លែដែល នៅសល់ទាំងអស់ប្រហែល ១០តោន ឱ្យមន្រ្តីចុះមកកាត់ សម្រាប់ចែកទៅអ្នក អត់បន្លែ ដោយមិន គិតថ្លៃនោះទេ។
គិតមកដល់ពេលនេះ លោក តៃសុង បានឈូស បន្លែសាលាដរបស់លោកអស់ចំនួន ៣លើករួចមកហើយ ដោយក្នុង មួយលើកៗមានចំនួន រាប់សិបតោន។
សារព័ត៌មានខ្មែរណាស់ មិនអាចទាក់ទង លោក ប៊ុន ទួនស៊ីមុំណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាលបាននោះទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។
ចំណែកលោក ប៊ុនលី កសិករដាំសាលាដម្នាក់ទៀត នៅភូមិវត្តកណ្ដាល ឃុំទឹកវិល បានលើកឡើងដែរថា សាឡាដ របស់លោកប្រមាណ១០តោន ដែលកំពុងដាំ លើផ្ទៃដីជិតកន្លះហិកតា ក៏ដល់ពេលត្រូវប្រមូល ផលដែរ ប៉ុន្តែក៏កំពុងប្រឈមគ្មាន ទីផ្សារដូចគ្នា ហើយមិនអាច ពន្យា ពេលទៀតទេ ព្រោះសាឡាដទាំងនោះអាចនឹង ហួសពេល កាត់ដ៏ខ្លីខាងមុខនេះ។
លោកថា៖«ផ្សារដើមគរ ជាកន្លែងបោះដុំធំ ដល់ពេលយើងបិទផ្សារដើមគរ ទៅ អ៊ីចឹង!កន្លែងបោះដុំហ្នឹង វាអត់មាន ហើយណាមួយផ្សារតូចៗ ក៏វាមិនទាន់ ដំណើរការ ដល់ចឹង! ទីផ្សារយើងនៅតែ ពិបាកដដែលហ្នឹង»។
កសិកររូបនេះ សង្កេតឃើញថា បន្លែដែលគ្មានទីផ្សារលក់នេះ គឺចាប់ផ្ដើមតាំងពីរដ្ឋាភិបាល ប្រកាស បិទផ្សារ ហាង ឬភោជនីយដ្ឋាន និងរោង ការបុណ្យជាដើម។
កាលពីថ្ងៃទី២០ឧសភា សាលារាជធានីភ្នំពេញបានចេញសេចក្ដីប្រកាស ឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋាន រាជធានីភ្នំពេញឡើងវិញចាប់ពីថ្ងៃទី ២៤ឧសភាតទៅ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យបើក ដំណើរការផ្សារមិនរៀបរយ ទាំងអស់ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើម ផ្លូវជាដើម ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕