យោងតាមរបាយការណ៍របស់ worldometers ក៏ដូចជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កម្ពុជានាពេលកន្លងមកបានបង្ហាញ ឱ្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សម្រាប់ខែ ឧសភា មានអាត្រា ខ្ពស់ជាង ចំនួន អ្នកឆ្លងជំងឺកូវីដ១៩ កាលពីមេសា ។
ជាមួយគ្នានេះដែរ គិតត្រឹម រយៈពេល ៥ថ្ងៃចុងក្រោយ រាប់ចាប់ពី ថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ នេះ កម្ពុជារកឃើញចំនួន អ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ ៤,៣៣៣ ករណី ដោយក្នុងមួយថ្ងៃៗ មានអ្នកឆ្លងប្រមាណ ពីខ្ទង់ ៥៦០ករណី រហូតដល់ លើសពី ៦០០ករណី ។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ក្នុងខែឧសភា ឆ្នាំ២០២១នេះ មានចំនួនច្រើនជាងករណី ឆ្លងក្នុងខែមេសាដែល មានការបិទខ្ទប់ដំបូង ចំនួន ៥,៧១៨ករណី ដោយក្នុងខែ មេសាមានត្រឹម ១០,៩៧៤ករណី ចំណែកចុងខែ ឧសភានេះ មានចំនួន រហូតដល់ ១៦,៦៩២ករណី។
គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លង មេរោគកូវីដ-១៩ សរុប ៣០,០៩៤នាក់ អ្នកជា សះស្បើយ ២២,៦៣៦នាក់ និងអ្នកស្លា.ប់ ២១៤ករណី៕