អនុវត្តតាមស្មារតី នៃសេចក្តីជូនដំណឹងរបស់ សាលារាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាល ខណ្ឌច្បារអំពៅ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការរុះរើឬចល័ត បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិន រៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
លោករស់ សុភ័ក្ត អភិបាលរង តំណាងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារ ចុះពិនិត្យ និងចែកសេចក្តីជូនដំណឹង ដល់អ្នករស់នៅ លើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។
ក្នុងយុទ្ធនាការថ្ងៃដំបូងនេះដែរលោកអភិបាលរងខណ្ឌបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យណែនាំ ដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ចំនួន៣ទីតាំង គឺទីតាំងទី១-នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់ជាមួយសង្កាត់ ព្រែកថ្មី ដែលមានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកច្រើនជាងគេ , ទីតាំងទី២-នៅមាត់ទន្លេបាសាក់ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ មានផ្ទះទូកតូចៗជាច្រើនឈប់ចតនៅមាត់ច្រាំងទន្លេ និង ទីតាំងទី៣-នៅចំណុចដៃទន្លេមេគង្គក្រោមស្ថិតក្នុងសង្កាត់ព្រែកឯងនិងសង្កាត់ក្បាលកោះ ។
បន្ទាប់ពីបានអានខ្លឹមសារនៅក្នុងសេចក្តីជូន ដំណឹងនិងបានស្តាប់ ការពន្យល់បន្ថែមពីលោកអភិបាលរងខណ្ឌ មក អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេបានយល់ព្រមអនុវត្តតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌច្បារអំពៅ តែសុំពន្យារពេលថែមទៀតដើម្បីទុកពេលដើររកទីតាំងថ្មី ដាក់កូនត្រីចិញ្ចឹម និងរើផ្ទះបណ្តែត ទឹកចេញ ព្រោះនៅក្នុងបែនីមួយៗសុទ្ធតែកូនត្រីទើបនិឹងដាក់ចូលចិញ្ចឹម ។
ការស្នើសុំពន្យារពេលរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ដែលជាសំណូមពររបស់ អ្នករស់នៅ លើទីតាំងទាំងអស់នេះ ត្រូវបានក្រុមការងារលើក យកមកពិចារណា និងសម្រេចនៅ ពេលក្រោយ ។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ចុះហត្ថលេខា ដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ គឺទុក រយៈពេល ១សប្តាហ៍ឱ្យអ្នករស់នៅ លើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេរុះរើ ចេញដោយខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹង នេះទេ រដ្ឋបាលខណ្ឌនិងមានវិធានការរដ្ឋបាលដោយ មិនទទួលខុសត្រូវរាល់ការ ខូចខាតឡើយ ៕