សមាគមវៀតណាម បានស្នើសុំឱ្យសាលារាជធានីភ្នំពេញផ្ដល់ទីតាំងថ្មី សម្រាប់ពលរដ្ឋ វៀតណាម ដែលត្រូវអាជ្ញាធរ បានបង្ខំឱ្យរុះរើផ្ទះបណ្ដែត ទឹកនិងបែចិញ្ចឹមត្រីចេញ ពីដងទន្លេក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ការស្នើសុំនេះ បានធ្វើឡើង ស្របពេលអាជ្ញាធរនៅតែ បន្តប្រកាន់ ជំហរ ថា នឹងលុប បំបាត់ សំណង់ អនាធិបតេយ្យ ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងផ្ទះទូកតូចៗឱ្យអស់ពីទន្លេ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថានបន្តទៀត។
លោក ស៊ឹម ជី ប្រធានសមាគមខ្មែរវៀតណាមបានប្រាប់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃអង្គារ៌ទី ៨មិថុនាថា កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ សមាគមបាន ដាក់លិខិទៅកាន់ សាលារាជធានីភ្នំពេញ ដើម្បីស្នើសុំពន្យារ ពេលរុះរើសម្រាប់ពលរដ្ឋ វៀតណាម ប្រហែល ១ពាន់គ្រួសារ ដែលកំពុងរស់នៅលើផ្ទះ បណ្ដែតទឹកនិងមានបែ ចិញ្ចឹមត្រីនៅតាមដង ទន្លេក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងបានស្នើឱ្យសាលាក្រុង គិតគួររកទីតាំងថ្មីសម្រាប់ពលរដ្ឋ ទាំងនោះ ដើម្បីឱ្យពួកគេអាច បន្តមុខរបរចិញ្ចឹមត្រីបានដូចដើម។
លោកថា៖«គឺទីមួយ ស្នើរាជធានីភ្នំពេញពិនិត្យឡើងវិញ អំពីរយៈពេលដែលបងប្អូន ផ្លាស់ទៅទីតាំងផ្សេង រកពេល វេលាមួយណាដែលសមស្រប បំផុត ដើម្បីឱ្យបងប្អូន ត្រៀមលក្ខណៈត្រឹមត្រូវសិន។ ក្នុងរយៈពេលខ្លីអ៊ីចឹងទៅ បងប្អូនមិនអាចរៀបចំ លក្ខណៈត្រឹមត្រូវ។ ទី២ យើងស្នើសុំឱ្យ សាលារាជធានីភ្នំពេញរក ទីតាំងថ្មីឱ្យគាត់ ដើម្បីឱ្យពួក គាត់ចិញ្ចឹមបែត្រីដើម្បីចិញ្ចឹម ជីវភាពគ្រួសារ ព្រោះអីភាគ ច្រើនបងប្អូន បានរស់នៅចិញ្ចឹម ជីវភាពគ្រួសារដោយ ចិញ្ចឹមត្រីជាច្រើនឆ្នាំ មកហើយ។ ទី៣ ស្នើឱ្យមាន ថវិកាដើម្បីជួយ ផ្គត់ផ្គង់ ឱ្យគាត់មាន លទ្ធភាព នៅពេលចេញទៅនេះ»។
លោកបន្តថា ចំពោះទីតាំងថ្មីដែលខាង សមាគម បានស្នើទៅកាន់ សាលារាជធានីភ្នំពេញនោះ គឺទីតាំងនៅលើទឹក ដដែល ដើម្បីអាចចិញ្ចឹម ត្រីបាន ដូចជានៅតាមបឹង ជាដើម និងមិនធ្វើឱ្យប៉ះពាល់ បរិស្ថានទន្លេ និងទៅដល់អ្នក ដែលរស់នៅ លើគោក ប៉ុន្តែលោក ថា ខាងសាលា រាជធានីភ្នំពេញ មិនទាន់បាន ឆ្លើយតប នៅឡើយ។
សារព័ត៌មានខ្មែរណាស់ បានព្យាយាមទាក់ទងជាច្រើនដង ទៅកាន់លោក ម៉េត មាសភក្ដី មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃពុធទី៩មិថុនានេះ ដើម្បីសុំការឆ្លើយតបចំពោះការស្នើសុំពី ខាងសមាគមវៀតណាម ប៉ុន្តែពួកលោកមិ នទទួលទូរសព្ទ។ ចំណែកលោក ស៊ឹម ជី ក៏មិនលើកទូរស័ព្ទ ខណៈសារព័ត៌មានខ្មែរណាស់ បានព្យាយាមទាក់ទង ជាច្រើនដង ដើម្បីសុំការ បញ្ជាក់បន្ថែមនៅថ្ងៃពុធនេះ។
លោកបណ្ដិត មាស នី អ្នកតាមដានការរ អភិវឌ្ឍសង្គមបានលើកឡើងថា ប្រសិនបើអាជ្ញាធរ ពិនិត្យឃើញថា ពលរដ្ឋវៀតណាមបានរស់នៅដោយខុសច្បាប់នៅ កម្ពុជា គឺពួកគេគ្មាន សិទ្ធិទាមទារ ទីតាំងថ្មី ឬសំណងជាលុយកាក់ឡើយ។
លោកថ្លែងថា៖«បើគាត់មានការស្នាក់ នៅស្របច្បាប់ តើស្របច្បាប់កម្រិតណា។ រឿងស្របច្បាប់ហ្នឹង គាត់នឹងអាច សុំទាមទារអ្វីផ្សេងៗបាន។ ប៉ុន្តែបើ មិនស្របច្បាប់ទេ មិនមានរឿងអ្វីដែលត្រូវតវ៉ាទេ ហើយបញ្ហារឿងផ្តល់លុយកាក់ វាអាស្រ័យលើភាពស្របច្បាប់ បើគាត់រស់ នៅស្របច្បាប់។ រដ្ឋាភិបាលកម្ពុជាត្រូវទទួលខុសត្រូវ ក្នុងកម្រិតណាមួយ ប្រសិនមិនស្រប ច្បាប់ទេ មានតែរដ្ឋាភិបាលវៀតណាមទេ ដែលត្រូវទទួលខុសត្រូវ»។
លោកបណ្ឌិត មាស នី យល់ឃើញថា ការទុកពេលត្រឹមមួយសប្ដាហ៍ ឱ្យរុះរើ គឺជាពេលវេលាខ្លីណាស់ ស្របពេលផ្ទះបណ្ដែត ទឹកខ្លះ ជាផ្ទះធំៗ ដែលត្រូវទុកពេល វេលារុះរើសម ស្របណាឡើយ។ ប៉ុន្តែលោកថា ប្រសិនបើសាលា រាជធានីភ្នំពេញ បានប្រកាសឱ្យរុះរើអស់រយៈពេល ច្រើនខែមក ហើយមិនបានរុះរើ និង ថែមទាំងមិនបានរុះរើតាម ឱសានវាទរយៈពេលមួយ សប្ដាហ៍នេះទៀត នោះគឺជាកំហុស របស់ពលរដ្ឋ មិនថាពលរដ្ឋខ្មែរ ឬវៀតណាមឡើយ។
ចំណែកលោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលបានលើក ឡើងដែរថា វិធានការដោះស្រាយតាមការទាមទារ របស់សមាគមវៀតណាមនេះ គឺថ្នាក់ជាតិមិនអាច បញ្ជាក់បានទេ និងអះអាងថា មានតែអាជ្ញាធររាជធានីភ្នំពេញប៉ុណ្ណោះ។ lលោកបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ នឹងអាចមានរបៀបដោះស្រាយ ផ្សេងសម្រាប់ពលរដ្ឋខ្មែរដែរ ត្រូវរុះរើពីលើទឹកនោះ ហើយប្រសិន ពលរដ្ឋវៀតណាម មករស់នៅខុសច្បាប់ នឹងអាចត្រូវ បណ្ដេញទៅប្រទេសកំណើតវិញ។
លោកថា៖«ខ្ញុំអត់ដឹងថាសាលា រាជធានីមានលទ្ធភាពផ្ដល់ កន្លែងសម្រាប់ជនទាំងអស់នោះ ដែរឬទេ នេះជា សំនួរមួយ ឬបំផ្លាស់ទៅតាមខេត្តអ៊ីចឹង។ សាលារាជធានីភ្នំពេញ មានរបៀបរបស់គេ ដើម្បីដោះស្រាយ ប៉ុន្តែគេអត់ទាន់ និយាយ កាលណានិយាយ ទៅ ធ្វើឱ្យសាច់រឿង ទៅជារឿងធំដុំ។ សំនួរតើ ជនដែលរស់នៅ លើទឹកហ្នឹង ស្របច្បាប់អត់ ហ្នឹងជារឿងមួយ។ ហើយជន ហ្នឹងជាជនជាតិអី បើជនជាតិខ្មែរ គេមានរបៀប ដោះស្រាយ របស់គេ។ បើជនជាតិរស់នៅ កម្ពុជាបណ្ដោះ អាសន្ន អាហ្នឹងអាចជួលផ្ទះឬដីនៅណា ក៏ជួលទៅ ដូចជានៅខេត្ត កំ ពង់ឆ្នាំងជាដើម»។
ថ្វីត្បិតឱសាទវាទ មួយសប្ដាហ៍ចាប់ពីថ្ងៃទី២មិថុនាបាន ផុតកំណត់ក្ដី ប៉ុន្តែសាលា រាជធានីភ្នំពេញ នៅមិនទាន់ ចុះអនុវត្តវិធានការរុះរើផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី នៅឡើយទេ ស្របពេលមាន ម្ចាស់ផ្ទះនិង បែចិញ្ចឹមត្រីមួយចំនួន បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ អាជ្ញាធរ តាមខណ្ឌបានប្រកាសយកថ្ងៃខុសគ្នា ដើម្បីប្រើកម្លាំង ចុះអនុវត្តវិធានការរុះរើ ចំពោះអ្នកមិន ព្រមរុះរើតាមឱសានវាទ មួយសប្ដាហ៍ ដូចជារដ្ឋបាល ខណ្ឌឫស្ស៊ីកែវ បានប្រកាសចុះ អនុវត្តនៅថ្ងៃទី ១២មិថុនានេះ៕