សមាគមវៀតណាមប្រចាំកម្ពុជាបានស្នើសុំ ទៅដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់ នៅលើផ្ទះបណ្ដែតទឹក នៅទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ មិនត្រូវធ្វើដំណើរ ចូលទៅកាន់ ប្រទេសវៀតណាមនោះទេ ប៉ុន្តែត្រូវនាំគ្នា អូសសណ្ដោង ផ្ទះទៅ បោះទីតាំងថ្មីលើផ្ទៃ ទន្លេសាប ដែលស្ថិតនៅក្បែរវត្តជេដ្ឋាឧត្តមហៅវត្តគ្រួស ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលជា តំបន់ព្រំប្រទល់ ជាប់ស្រុកពញ្ញាឮ ខេត្តកណ្ដាល។
សមាគមវៀតណាមបាន លើកឡើងថា ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងខណ្ឌទាំង ៦ក្នុងរាជធានីភ្នំពេញ ត្រូវ បានផ្លាស់ប្ដូរផ្ទះបណ្ដែតទឹកទៅកាន់ ទីតាំងថ្មី គឺស្ថិតនៅទន្លេសាបក្បែរវត្តគ្រួស ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមាន ព្រំប្រទល់ជាប់ជាមួយស្រុកពញ្ញា ឮខេត្តកណ្ដាល។ លើសពីនេះ សមាគមវៀតណាម ក៏បានស្នើឱ្យពលរដ្ឋទាំង នោះ ត្រូវរក្សាភាព អត់ធ្មត់ ហើយជំនួយជា ស្បៀងអាហារ នឹងត្រូវបានផ្ដល់ ដល់ដៃគ្រប់គ្នាទាន់ ពេលវេលា ដើម្បីបន្ថយទុក្ខលំបាក ហើយស្ថានភាពការ រស់នៅ នឹងវិលត្រឡប់មកដូចដើមវិញ ក្នុងរយៈពេលដ៏ខ្លីនេះ។
ក្រុមពលរដ្ឋវៀតណាម មួយចំនួនដែលមានផ្ទះ បណ្ដែតទឹកនៅក្នុងភូមិសាស្រ្ដ រាជធានីភ្នំពេញនិងមិនបាន រុះរើតាមកាល កំណត់របស់សាលា រាជធានីភ្នំពេញ គឺបានប្រើទូកអូស សណ្ដោងផ្ទះបណ្ដែត និងបែចិញ្ចឹមត្រីរបស់ ពួកគាត់ ទៅរស់នៅ ក្នុងទីតាំងថ្មីបណ្ដោះអាសន្នស្ថិត នៅក្បែរវត្តគ្រួសតាំង ពីថ្ងៃទី១១មិថុនា តាមការ សម្រេចថ្មីរបស់ សាលារាជធានីភ្នំពេញ ដើម្បីទុកឱកាសឱ្យត្រីក្នុងបែចិញ្ចឹម របស់ពួកគេអាចធំ ល្មមចាប់លក់ អស់សិន។
អភិបាលខណ្ឌព្រែកព្នៅលោក សុខ សម្បត្តិ បានប្រាប់ទៅលោក ស៊ឹម ជី ប្រធានសមាគមវៀតណាមប្រចាំកម្ពុជាថា ទីតាំងថ្មីនោះគឺអនុញ្ញាតឱ្យពលរដ្ឋវៀតណាមរស់នៅបណ្ដោះអាសន្នប៉ុណ្នោះ ហើយនៅពេលខាងមុខ ពួកគេត្រូវតែចល័តដើម្បីចាកចេញពីទៅក្រុងភ្នំពេញទៅកាន់ទីតាំងថ្មី ៕