អគ្គនាយកដ្ឋានបាន លើកឡើងថា កម្ពុជាតែងតែពង្រឹងការ អនុវត្តច្បាប់ជា ប្រចាំ ចំពោះជន បរទេស ខុស ច្បាប់ តាម គ្រប់រូបភាព ដោយមាន ទាំងការ ឃាត់ ខ្លួន កសាង សំណុំរឿង បញ្ជូន ទៅតុលាការ និងអនុវត្តការ បណេ្តញចេញ ពីប្រទេសកម្ពុជាតាមច្បាប់ស្តីពីអន្តោប្រវេសន៍។
មិនតែប៉ុណ្ណោះ ចាប់តាំងពី ឆ្នាំ២០១៤ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បាន បណ្ដេញជនបរទេស ខុសច្បាប់ ចេញពី ប្រទេស កម្ពុជាសរុបចំនួនជាង ១៨ពាន់(១៨ ៤៧០)នាក់ ក្នុងនោះស្រី ៣០៦០នាក់ មកពី ១០៤សញ្ជាតិ។
នេះបើតាមការប្រកាសពីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍នៅថ្ងៃទី ១៦មិថុនានេះ ដើម្បីឆ្លើយតបទៅនឹង មតិលើកឡើង ដែលចង់ឱ្យអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍បណ្ដេញជន អន្តោប្រវេសន៍ ជាពិសេសជនជាតិ វៀតណាម ដែលបានចូល មករស់នៅកម្ពុជាខុសច្បាប់ត្រឡប់ ទៅវៀតណាមវិញ។
សេចក្ដីប្រកាសពី អគ្គនាយកដ្ឋាន អន្តោប្រវេសន៍នេះ គឺបានធ្វើឡើង ស្របពេល ពលរដ្ឋវៀតណាម ប្រហែល ១ពាន់គ្រួសារ ត្រូបានសាលារាជធានីភ្នំពេញ សម្រេចឱ្យរុះរើផ្ទះ បណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយទាំងអស់ ចេញពីដងទន្លេ ក្នុងភូមិសាស្រ្ដ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណា អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការគ្រប់គ្រងការ តាំងទីលំនៅ និងការរៀបចំ សណ្តាប់ធ្នាប់លំនៅឋាន គឺជាតួនាទីភារកិច្ច របស់អាជ្ញាធរ ដែនដី ដែលមិនស្ថិតក្រោម តួនាទីភារកិច្ច របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ឡើយ ហើយអគ្គនាយកដ្ឋាន មានតួនាទី ធ្វើជាសេនាធិការ របស់ក្រសួង មហាផ្ទៃ លើការគ្រប់គ្រង ជនបរទេស ក៏ដូចជា ការអនុវត្តច្បាប់ ចំពោះជនបរទេស ដែលស្នាក់នៅ និងបម្រើការងារ ដោយខុស ច្បាប់នៅ ទូទាំង ប្រទេស ប៉ុណ្ណោះ៕