នៅទីបំផុត លោកប្រាជ្ញ ចន្ទ ត្រូវបាន គណបក្សប្រជាជន កម្ពុជា ជ្រើសរើសជា បេក្ខជន ប្រធានគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.)។ បន្ទាប់ពី គណបក្សប្រជាជនកម្ពុជា ជ្រើសរើស បេក្ខជនប្រធាន គ.ជ.ប រួចហើយ បញ្ជូនមកគណៈកម្មាធិការ អចិន្រ្តៃយ៍ រដ្ឋសភា នៅថ្ងៃទី១៦ ខែមិថុនានេះ គឺគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នឹងធ្វើការ ប្រជុំនៅសប្តាហ៍ ក្រោយនេះ ដើម្បីកំណត់ សម័យប្រជុំ សភាបោះឆ្នោត ផ្តល់សេចក្តីទុក ចិត្ត ដល់លោក ប្រាជ្ញ ចន្ទ ជាប្រធានគ.ជ.ប។
អ្នកនាំពាក្យរដ្ឋសភា លោកឡេង ប៉េងឡុង បានមាន ប្រសាសន៍ថា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បាន ទទួលលិខិតឆ្លើយតប របស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃ១៦ ខែមិថុនានេះ គឺបានសម្រេច ជ្រើសរើស លោកប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការ ជាតិរៀប ចំការបោះឆ្នោត (គ.ជ.ប)។
លោកឡេង ប៉េងឡុង បានបញ្ជាក់ថា បន្ទាប់ពីគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានទទួលលិខិត ឆ្លើយតប របស់គណបក្សប្រជាជនកម្ពុជារួចហើយ តាមច្បាប់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានទុកពេល ៣ថ្ងៃ (ពីថ្ងៃទី១៥-១៧ មិថុនា) យ៉ាងយូរទៅគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសយក បេក្ខជន១រូប ក្នុងចំណោម បេក្ខជន ២រូប ដើម្បីធ្វើជាប្រធានគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត
បន្ទាប់ពីរើសបានហើយ ត្រូវផ្ញើមក ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ នៅថ្ងៃទី១៦ ខែមិថុនានេះគឺបានជ្រើសរើស លោកប្រាជ្ញ ចន្ទ ជាបេក្ខជនក្នុងតំណែង ជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ ហើយក្រោយ ពីថ្ងៃទី១៧ ខែមិថុនាទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំរៀបចំរបៀបវារៈ ដាក់បេក្ខជន លោកប្រាជ្ញា ចន្ទ នៅក្នុងសម័យប្រជុំពេញអង្គនៅ ក្នុងរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ ហើយនៅសប្តាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការប្រជុំដើម្បីកំណត់ថ្ងៃប្រជុំសភា ពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានអនុម័តយល់ព្រម លើសំណើលាឈប់ ពី តួនាទី និងតំណែងប្រធានគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត របស់ លោក ស៊ិក ប៊ុនហុក និងបានអនុម័ត យល់ព្រម នូវសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកំណត់បែបបទ
និងនីតិវិធីនៃការជ្រើសរើសបេក្ខជន ប្រធានគ.ជ.ប និងប្រគល់ ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក បានដាក់ ពាក្យសុំលាលែង ទៅរដ្ឋសភាកាល ពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១៕