ថ្មីៗនេះ មានគេហទំព័រ ហ្វេសបុកមួយឈ្មោះ Fun Moments បានបង្ហោះជាវីដេអូ រួមជាមួយខ្លឹមសារថា «យកសំណាកអស់ ចំនួន ៦០០០០៛ សូម្បីតែកូនក្មេង ក៏យកដែរ» ដែលក្នុងវីដេអូនោះ បានបង្ហាញពីការសោក ស្ដាយ របស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយ លុយដើម្បីធ្វើ តេស្ត រកមេរោគកូវីដ-១៩ ក្នុងម្នាក់ចំនួន ៦ ម៉ឺនរៀល ។
ជុំវិញរឿងនេះ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយបាន ទទួលដំណឹង បានចុះស្រាវជ្រាវករណីខាងលើភ្លាមៗ នៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយសាកសួរ ព័ត៌មាន ពលរដ្ឋ ជុំវិញករណី ខាងលើនេះ ទើបដឹងថា ៖
-មានប្រជា ពលរដ្ឋ បានពាក់ព័ន្ធជំងឺកូវីដ-១៩ ហើយបានដាក់ ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន ២០ គ្រួសារ មានមនុស្ស ៨៩ នាក់ ស្រី ៤២ នាក់ ក្នុងនោះបាន ទៅមន្ទីរពេទ្យបង្អែក អង្គស្នួល យកសំណាក ចំណាយលុយ ៦០,០០០ រៀលក្នុងម្នាក់ៗ សរុប ៣៩ នាក់ = ២,៣៤០,០០០ រៀល ។
ក្រោយមានហេតុការណ៍ បែបនេះ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះស្រុក អង្គស្នួល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ពាក់ព័ន្ធដោយប្រយោល អ្នកជំងឺកូវីដ-១៩ នៅធ្វើចត្តាឡីស័ក តាមផ្ទះ ចំនួន ២០ គ្រួសារនោះ និង បានសម្របសម្រួល ឧបត្ថម្ភជួយចេញថវិកា ដល់អ្នកដែលបានទៅ យកសំណាកបង់លុយ ក្នុងម្នាក់ៗ ចំនួន ៦០,០០០ រៀល វិញផងដែរ ៕