វៀតណាមមាន គ ម្រោងផ្ដល់ជំនួយ ហិរញ្ញវត្ថុជូន ដល់ប្រជាជនរបស់ខ្លួន ដែលរងផល ប៉ះពាល់ ពីវីរុសកូវីដ-១៩ ជាមួយ នឹងកញ្ចប់ថវិកា ចំនួន ២៦លានលានដុង (លុយវៀតណាម) ឬស្មើនឹង១,១៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក។
សារព័ត៌មាន វៀតណាម (VNExpress) បានផ្សាយ នៅថ្ងៃទី១ ខែកក្កដា ថា លោក Dao Ngoc Dung រដ្ឋមន្រ្ដីក្រសួង ការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានប្រាប់ដល់កិច្ចប្រជុំរបស់រដ្ឋាភិបាល កាលពីថ្ងៃអង្គារ (ទី២៨ ខែមិថុនា) ថា កញ្ចប់ ថវិកានេះ នឹងធ្វើឡើង តាម គំនិតផ្ដួចផ្ដើម កាលពីមុន ដែលមានទឹកប្រាក់ ចំនួន ៦២លានដុង ឬស្មើនឹង ជាង ២,៦ពាន់លានដុល្លារ ដែលវៀតណាមបាន ដាក់ចេញ កាលពីឆ្នាំ២០២០ សម្រាប់ជួយ ដល់អ្នកក្រីក្រ និងអាជីវកម្មរងផល ប៉ះពាល់ ពីជំងឺកូវីដ-១៩។
លោក ផាម មីញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្ដីវៀតណាម បានទាមទារឲ្យក្រសួងការងារ ធ្វើឲ្យមាន ប្រសិទ្ធភាពនូវកញ្ចប់ថវិកា ទាំងនេះ អាចនឹងធ្លាក់ទៅដល់ដៃ របស់អ្នកខ្វះខាត ដែលត្រូវការចាំបាច់ នូវជំនួយនេះ រួមទាំង អ្នកធ្វើការក្រៅប្រព័ន្ធ និងអ្នក លក់ តាមដងផ្លូវជាដើម។
ជំនួយទ្រទ្រង់ ហិរញ្ញវត្ថុ ត្រូវបានបញ្ចេញ តាំងពីខែ មេសា ឆ្នាំ២០២០ រួមទាំងកញ្ចប់ថវិកា ជិត ៣៦លានលានដុង ឬស្មើនឹង ១,៥៥ពាន់ លានដុល្លារ ពីរដ្ឋាភិបាល កណ្ដាល និងថវិការបស់ រដ្ឋបាល តាមតំបន់។ កញ្ចប់ថវិកាទាំងនោះ បានកំណត់គោលដៅទៅលើបុគ្គល និង អាជីវកម្ម រួមមាន៖
១-អ្នកបាត់បង់ ការងារ នៅក្នុងអំឡុងពេលកូវីដ-១៩ រយៈពេល១៤ថ្ងៃ ឬច្រើនជាងនេះ គួរនឹងទទួលបាន ប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន១,៨លានដុង ឬស្មើនឹង ៧៨ដុល្លារសហរដ្ឋអាមេរិក។
២-កម្មករធ្វើការមិន ពេញម៉ោង ដែលបាត់បង់ការងារធ្វើ ហើយមិនទទួលបាន អត្ថប្រយោជន៍ពាក់ព័ន្ធ គួរនឹង ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ១លានដុង ឬស្មើនឹង៤៣ដុល្លារ។
៣-អ្នកក្រីក្រ និងគ្រួសារក្រីក្រ នឹងទទួលបានប្រាក់ ចំនួន ២៥០ ០០០ដុង ឬស្មើនឹង ១០ដុល្លារក្នុងមួយខែ ខណៈគ្រួសារ មានសេវាផ្តល់អំណោយ ពីរដ្ឋ នឹងទទួល បាន ៥០០ ០០០ ដុង ឬស្មើនឹង ២១ដុល្លារ ក្នុងមួយខែ។
៤-អ្នកមានអាជីវកម្មជា លក្ខណៈគ្រួសារ ដែលទទួលបានប្រាក់ ចំណូល ក្រោម ១០០លានដុង ឬស្មើនឹង៤៣០ដុល្លារ ក្នុងមួយឆ្នាំ ហើយត្រូវផ្អាក ដំណើរការ ដោយសារជំងឺរាត ត្បាត ពីកូវីដ-១៩ ក៏នឹងទទួល បានប្រាក់គាំទ្រ ចំនួន ១លានដុង ឬស្មើនឹង៤៣ដុល្លារ ក្នុងមួយខែ។
៥-អាជីវកម្ម ដែលរងផលលំបាក ផ្នែកហិរញ្ញវត្ថុខ្លាំង ដោយសារ ជំងឺកូវីដ-១៩ ក៏ត្រូវបានអនុញ្ញាត ឲ្យខ្ចីប្រាក់ ពីធនាគារវៀត ណាម សម្រាប់គោលនយោបាយសង្គម ក្នុងអត្រាប្រាក់ សូន្យ ភាគរយ សម្រាប់យកមក ចំណាយទៅប្រាក់ខែ របស់បុគ្គលិករបស់ពួកគេ រយៈពេល ៣ខែ។ ប្រាក់កម្ចីទាំងនេះនឹង គ្របដណ្ដប់លើអតិបរមាចំនួន ៥០ភាគរយ នៃប្រាក់ឈ្នួល អប្បបរមា នៅតាមតំបន់ ដោយប្រាក់ នៅសល់ សម្រាប់ចំណាយ ទៅលើអាជីវកម្មរបស់ពួកគេ។
មន្រ្ដីរដ្ឋាភិបាល វៀតណាម បានបញ្ជាក់ថា នៅក្នុងខែឧសភា ឆ្នាំ២០២១ កញ្ចប់ថវិកា ជិត១៤លាន លានដុង ឬស្មើនឹងជាង៦ពាន់លាន (៦ ០៨៣ ៨៣៩ ៤៧៥) ដុល្លារសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាល ផ្ដល់សម្រាប់ជួយ ដល់ប្រជាជន ជាង១៣,២លាននាក់។
គណៈកម្មាធិកា រទទួលបន្ទុកសេដ្ឋកិច្ច នៃរដ្ឋសភាជាតិ វៀតណាម បានបញ្ជាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ថា គោលនយោបាយប្រើប្រាស់កញ្ចប់ ថវិកានេះ នៅតែមិនមានប្រសិទ្ធភាព គ្រប់គ្រាន់ សម្រាប់ជួយដល់ កម្មករ និងអាជីវកម្ម ដែលរងផលប៉ះពាល់ពី រោគរាតត្បាតនេះទេ។ រីឯពលរដ្ឋដែលត្រូវការ ជំនួយជាច្រើន បានត្អូញត្អែរ អំពីនីតិវិធី ដ៏សាំញ៉ាំនេះ ធ្វើឲ្យពួកកេមិនអាចទទួលបាន ជំនួយគាំទ្រនេះ។
ជាមួយគ្នានេះ គណៈកម្មាធិការ បានស្នើឱ្យរដ្ឋាភិបាល វាយតម្លៃឲ្យទូលំទូលាយ លើគោលនយោបាយ គាំទ្រកន្លងមក ដើម្បីធ្វើឱ្យគោលនយោបាយនេះ មានប្រសិទ្ធភាព។
ជាមួយគ្នានេះ ក្រសួងការងាររបស់ វៀតណាម បានព្យាករថា ប្រសិន បើរោគរាតត្បាតនេះនៅតែ បន្ដនោះ វានឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ ឧស្សាហកម្មនានា ហើយកម្មករ រោងចក្រ ចន្លោះពី២-២,៥ លាននាក់ នឹងបាត់បង់ ការងារធ្វើ៕