ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញ សង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះរូបភាពចាក់ដី និងថ្មចូលទន្លេ ដើម្បីវាទទីចេញ ពីច្រាំង ទន្លេជាច្រើន ម៉ែត្រ ស្ថិតនៅក្បែរកំពង់ ចម្លងអរិយក្សត្រ ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។ តំបន់ ចាក់ដីនិងថ្មនេះគឺស្ថិត នៅទល់មុខគ្នាជាមួយ ត្រើយខាង ទីក្រុងកោះពេជ្រ។ ប៉ុន្តែអភិបាល ខេត្តកណ្ដាលថា មិនទាន់ដឹង រឿងនេះទេ។
លោក ឌុច ច័ន្ទ មេឃុំអរិយក្សត្រ បានប្រាប់សារព័ត៌មានខ្មែរណាស់ កាលនៅថ្ងៃទី១កក្កដាថា លោកគ្មាន សិទ្ធិហាម ឃាត់ ឬអនុញ្ញាត ឲ្យមានការចាក់ដី លុបទន្លេនោះទេ។ ប៉ុន្តែលោកបន្តថា ការចាក់ដីលុបទន្លេមេគង្គនេះ ទំនងមានការ អភិវឌ្ឍដូចគ្នានឹងមជ្ឈមណ្ឌល កោះពេជ្យ។
លោកថ្លែងដូច្នេះថា៖«ខ្ញុំមានសមត្ថកិច្ចអីណា ទៅឲ្យគេធ្វើឬឃាត់ នោះ បើថ្នាក់ខេត្តគេអត់ទាំង ដឹងឮ ឬថាយ៉ាងម៉េចផង។ គេចាក់អភិវឌ្ឍធ្វើដូច កោះពេជ្យ ដែល មាន ស.ជ.ណ អ៊ីចឹងទៅបើតាមដឹង»។លោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល បានប្រាប់ថាសារព័ត៌មានខ្មែរណាស់ថា លោកនៅមិនទាន់ដឹងថា មានអ្នកចាក់ដីលុបទន្លេនេះ នៅឡើយទេ ប៉ុន្តែលោកថា នឹងចុះពិនិត្យមើល។
លោកថ្លែងថា៖«នៅអរិយក្សត្រ? ខ្ញុំអត់ទាន់បានដឹងទេ…។ ចាំមើលខ្ញុំពិនិត្យមើលសិន»។សារព័ត៌មានខ្មែរណាស់ បានព្យាយាមទាក់ទងទៅលោក កន សុខកាយ អភិបាលស្រុកល្វាឯម ជាច្រើនដងនៅថ្ងៃទី១ និងនៅថ្ងៃទី ២កក្កដានេះ ប៉ុន្តែលោកមិនបានលើកទូរសព្ទ។
លោក ពេជ្យ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានបង្ហោះរូបភាព ចាក់ថ្មនិងដីលុបទន្លេនៅអរិយក្សត្រនេះ នៅលើហ្វេសប៊ុក បានប្រាប់សារព័ត៌មានខ្មែរណាស់ថា នេះជាសកម្មភាពចាក់ដីវាទទី យកទន្លេមេគង្គ ហើយទោះបីមាន ច្បាប់ក៏ពុំត្រូវអភិវឌ្ឍក្នុង តំបន់ធម្មជាតិ ដែលជាទ្រព្យសម្បត្តិសារធារណៈ របស់រដ្ឋនោះដែរ។
លោកថ្លែងថា៖«តាមខ្ញុំឃើញគឺចាក់វាទ ទីយកទន្លេមេគង្គតែម្ដង។ អ៊ីចឹងវាខុសច្បាប់ តែបើគេមាន ស.ជ.ណ អីផ្សេងទៀតខ្ញុំអត់ដឹងទេ។ ប៉ុន្តែទោះបីយ៉ាងណា ក៏ពុំគួរអភិវឌ្ឍក្នុងតំបន់ ធម្មជាតិក៏ដូច ជាទ្រព្យសម្បត្តិរដ្ឋឡើយ»។
ចំណែកលោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា(CYN)បានលើកឡើងថា ការចាក់លុបទន្លេមេគង្គនេះ ពុំបានជូនដំណឹងដល់សារធារណជន នៅឡើយ ដែលធ្វើឱ្យពលរដ្ឋមានការ ភ្ញាក់ផ្អើល។ លោកសង្ស័យថា នេះគឺជាសកម្មភាព អភិវឌ្ឍន៌ ដែលធ្វើឱ្យមានការព្រួយបារម្មណ៌ ក្នុងចំណោមពលរដ្ឋ និងអ្នក អាស្រ័យផលតាមដងទន្លេមេគង្គ។
លោកថ្លែងថា៖«ការអភិវឌ្ឍគឺជា រឿងធម្មតាទេ ប៉ុន្តែពុំមានការជូនដំណឹងជាមុន ដល់អ្នកពាក់ព័ន្ធ ពលរដ្ឋដែល ជាម្ចាស់ប្រទេស ព្រមទាំងពុំមានការសិក្សា និងការអញ្ជើញអ្នក ពាក់ព័ន្ធណាមួយចូលរួម។ ដូច្នេះហើយទើបមាន ការស.ង្ស័.យ.ថា អាចជាការអភិវឌ្ឍណាមួយមិនប្រក្រតីក្នុងការ លុបទន្លេធម្មជាតិ ដែលធ្វើឲ្យមាន ភាពស្រពិចស្រពិល»។
ជុំវិញបញ្ហានេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និង លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន សុំមិនធ្វើការ អធិប្បាយនោះទេ។ លោក ផៃ ស៊ីផាន លើកឡើងថា លោកកំពុង ជាប់រវល់នឹង បញ្ហាកូវីដ មិនបាន ដឹងរឿងនេះឡើយ ខណៈលោក នេត្រ ភក្រ្តា បានឱ្យទាក់ទង ទៅមន្រ្តីក្រសួងធនធាន ទឹកនិងឧតុនិយមវិញ។
សារព័ត៌មានខ្មែរណាស់ បានព្យាយាមទាក់ទងសុំការបញ្ជាក់ បន្ថែមពី លោក ចាន់ យុត្ថា មន្រ្តីនាំក្រសួង ធនធានទឹក និងឧតុនិយម រួមទាំងលោក យិន សាវុធ ប្រធាន នាយកដ្ឋានជលសាស្រ្តនិងការងារទន្លេ លោក សេង ឡូត មន្រ្តីនាំ ពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡោ ដាវុធ អគ្គនាយកនៃអគ្គ នាយកដ្ឋាន សុរិយោដី និងភូមិសាស្រ្ត របស់ក្រសួង ដែនដី ប៉ុន្តែទូរសព្ទ ហៅចូល ពួកលោកមិនទទួល៕