នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពន្យល់ហៅថាវិមជ្ឈការនិងសហវិមជ្ឈការជា កំណែទម្រង់មួយ យ៉ាងសំខាន់។
សម្ដេចក្រឡាហោមបាន ពន្យល់យ៉ាងនេះថា ខ្ញុំបានសន្យាថា នឹងបន្តពិភាក្សាជាមួយ បងប្អូនជនរួមជាតិ អំពី កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដែលជា កំណែទម្រង់ផ្នែក អភិបាលកិច្ចពាក់ព័ន្ធយ៉ាងជិត ដិតបំផុតទៅនឹង ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ អាស្រ័យហេតុនេះ ថ្ងៃនេះខ្ញុំឆ្លៀតពេល ដើម្បីបកស្រាយ នូវចម្ងល់របស់ បងប្អូនមួយ ចំនួន អំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានន័យដូចម្តេច?
ពាក្យថា “ វិមជ្ឈការ ” ត្រូវបានគេឱ្យនិយមន័យ ជាទូទៅថា គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និង ធនធាន ពីរដ្ឋបាលថ្នាក់កណ្ដាល ទៅឱ្យរដ្ឋបាលថ្នាក់ មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងគុណភាពនៃកា រផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុង ដែនសមត្ថកិច្ច របស់ខ្លួន ។
ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានក្រុមប្រឹក្សា ជាប់ឆ្នោតជាតំណាង ត្រូវមាន គណនេយ្យភាព ចំពោះប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ចរបស់ខ្លួននៅក្នុងការ អនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធាន ទាំងនោះ ។
ដោយឡែក ពាក្យថា “ វិសហមជ្ឈការ “ សំដៅដល់កិច្ចដំណើរការ ដែលរដ្ឋបាលថ្នាក់កណ្ដាល ផ្ទេរ មុខងារ និងធនធាន ទៅឱ្យអង្គភាពក្រោម បង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រភេទ ណាមួយក្នុងបែប ផែនជាការធ្វើប្រតិភូកម្ម នូវសិទ្ធិអំណាច ឬក្នុងបែបផែនជា កិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធាន ទាំងនោះក្នុង នាមក្រសួង ស្ថាប័នដែល នៅតែមាន តួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធាន ទាំងនោះ ។
ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានគណនេយ្យភាព ចំពោះក្រសួង ស្ថាប័ន លើការងារ ដែលបានប្រតិភូកម្មឱ្យ ។
ជារួម វិមជ្ឈការ កំពុងក្លាយជា មាគ៌ាដ៏ពេញនិយមនៃការអនុវត្តគោលនយោបាយ សាធារណៈ នៅតាមបណ្តាប្រទេ សភាគច្រើននៅលើសកលលោកទាំងក្នុង ក្របខ័ណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផង ដែរ ។ ទោះបីយ៉ាងនេះក្តី វាពុំមែនជា ប្រព័ន្ធដ៏ល្អឥតខ្ចោះដែលគ្មានគុណវិបត្តិនោះឡើយ ក្នុងករណីដែល ប្រព័ន្ធនេះត្រូវបានអនុវត្តដោយ មិនផ្អែកជាសំខាន់ទៅ លើបរិបទជាក់ស្តែងនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ ។
សម្រាប់កម្ពុជា កិច្ចដំណើរការ ផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាល ថ្នាក់ក្រោម ត្រូវបានចាប់ផ្តើម និងបន្តអនុវត្តស្របពេលជាមួយគ្នាទាំងក្នុង បែបផែនវិមជ្ឈការ និងវិសហមជ្ឈការក្នុង គោលបំណងធានា ទាំងនិរន្តភាព និងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោម ជាតិ
តាមបែបផែនទាំងពីរនេះក្នុងរយៈពេលកន្លងមក យើងបាន សម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធ ទៅនឹងការ បង្កើតនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីបំពេញការងារ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែក តាមគោលការណ៏ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធ នានាជាច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ។
ទោះបីយ៉ាងនេះក្តី យើងក៏នូវមានបញ្ហាប្រឈមមួយចំនួនដែល ត្រូវបន្តដោះស្រាយទៅមុខទៀតស្រប តាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរ ការកំណែ ទម្រង់ដ៏មានសារៈ សំខាន់នេះឱ្យបាន ស៊ីជម្រៅបន្ថែមទៀត ។
ខ្ញុំរីករាយនឹងទទួលយកនូវការផ្តល់មតិ យោបល់នានា ព្រមទាំងបន្តផ្តល់ពត៌មាន ពាក់ព័ន្ធនឹង ការអនុវត្តកម្មវិធី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនបងប្អូន ជនរួមជាតិ ជាបន្តបន្ទាប់ទៀត ដើម្បីបន្តរួមគា្ន សម្រេចឱ្យបាននូវ គោលបំណង និងគោលដៅ ចុងក្រោយ នៃកំណែទម្រង់នេះ ៕