គណៈកម្មការផ្សារ មួយចំនួន នៅរាជធានីភ្នំពេញ បាន បញ្ជាក់ថា សម្រាប់បងប្អូន ប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារ ទាំងអស់ ត្រូវតែបង្ហាញ កាត ចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ដល់ក្រុមសន្តិសុខ សណ្តាប់ ធ្នាប់ផ្សារ ទើបអនុញ្ញាត ឲ្យចូល ខណៈ អាជីវករវិញ បើមិនមានកាត ចាក់ វ៉ាក់សាំង គឺមិនអនុញ្ញាត ឲ្យបើកតូប លក់ដូរតែម្តង។
លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានអោយដឹងនៅថ្ងៃទី ១៤ តុលានេះថា អនុវត្តតាម សេចក្ដីណែនាំ លេខ០២៧/២១សណន ចុះថ្ងៃទី៥តុលា របស់រដ្ឋបាល រាជធានីភ្នំពេញ គណៈកម្មការផ្សារទួល ទំពូង បានរៀបចំនៅ តាម ច្រកចេញ ចូលផ្សារ ទាំងអស់ ដោយមិន អនុញ្ញាត ឲ្យបងប្អូនប្រជា ពលរដ្ឋ ចេញចូលផ្សារ ដោយមិនបាន បង្ហាញកាត ចាក់ វ៉ាក់ សាំង ការពារជម្ងឺកូវីដ-១៩នោះទេ មានន័យថា ។
ដោយឡែក សម្រាប់អាជីវករ ផ្សារវិញ គឺមិនអនុញ្ញាត ឲ្យចូលលក់ដូរជាដាច់ខាត បើមិនមានកាតចា.ក់ វ៉ាក់សាំង ឬលិខិតបញ្ជាក់ថា បានចា.ក់ វ៉ាក់សាំងរួច។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា សម្រាប់បងប្អូន អាជីវករ ផ្សារទួលទំពូង ទាំងអស់ ក្រុមការងារ របស់លោក បានចុះធ្វើការត្រួត ពិនិត្យ រួចរាល់ហើយ គឺមិនមានអាជីវករ ណាម្នាក់ គ្មានកាតចាក់ វ៉ាក់សាំងនោះទេ ។
លោក ឡយ ស៊ាងអាង ប្រធានគណៈ កម្មការផ្សារអូឡាំពិក បានបញ្ជាក់ ដែរថា សេចក្ដីណែនាំលេខ ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាល រាជធានីភ្នំពេញ យើងបានអនុវត្ត តាំងពីថ្ងៃ ចន្ទទី ១១ខែតុលាមកម្ល៉េះ តែសម្រាប់ ថ្ងៃដំបូង មានអាជីវករ និងបងប្អូនប្រជា ពលរដ្ឋ ដែលចេញ ចូលផ្សារមួយចំនួន បានបង្ហាញ កាត ចាក់វ៉ាក់សាំង តែមួយចំនួនទៀត ក៏មិនបានយកកាត ចាក់ វ៉ាក់សាំង មកជាប់ តាមខ្លួនដែរ ។
លោកបាន បន្ថែមថា ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយ ពីគណៈកម្មការផ្សារ ជាញឹក ញាប់ បងប្អូនប្រជា ពលរដ្ឋ ក៏ដូចជាអាជីវករ បានអនុវត្តនិង សហការបាន យ៉ាងល្អ ជាមួយគណៈ កម្មការផ្សារ មានន័យថា ពេលចេញ ចូលផ្សារ និងមក ប្រកបអាជីវកម្ម នៅក្នុងផ្សារ ពួកគាត់ មានកាត ចាក់វ៉ាក់សាំងជាប់ខ្លួនជានិច្ច ។
ក្រៅពីឲ្យបងប្អូនជីវករ និងបងប្អូន ប្រជាពលរដ្ឋ ដែលចេញចូលផ្សារ បង្ហាញកាត ចាក់វ៉ាក់សាំង ហើយ ការអនុវត្ត នូវវិធាន របស់ក្រសួងសុខាភិបាល ក៏បានអនុវត្តជា ប្រចាំផង ដែរ ដើម្បីទប់ស្កាត់ឲ្យបាន នូវការរីករាល ដាល នៃជំងឺកូវីដ-១៩នេះ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ បន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ច បង្ហាញបណ្ណ ចាក់វាក់ សាំងកូវីដ-១៩ ឬ
បណ្ណចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំង អាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅ ជាមួយ ជំងឺកូវីដ-១៩ តាមគន្លងប្រក្រតី ភាពថ្មី និងឈានទៅរក ការបើក ដំណើរការឡើងវិញ លើគ្រប់វិស័យ នាពេល ឆាប់ៗ ខាងមុខនេះ៕