អ្នកជំនាញផ្នែក អចលនទ្រព្យចាស់វស្សា មួយរូប បានលើកឡើងថា មានលុយទិញដី គឺអត់ខុសទេ ប៉ុន្តែបើអត់ លុយទិញ នោះគឺទើបជាកំហុស ហើយមានតែការ វិនិយោគដីធ្លីទេ ទើបធ្វើឲ្យអ្នកមាន ខ្លាំង។ នេះជាការលើក ឡើង របស់លោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក ក្រុមហ៊ុនKW Cambodia និងKhmer Real Estate។
លោកឧកញ៉ា គីម ហ៊ាង មានប្រសាសន៍ថា ការយល់ឃើញ របស់បុគ្គលម្នាក់ៗ ទៅលើការវិនិយោគ ដីធ្លី មិនដូចគ្នាទេ។ ចំពោះបុគ្គលខ្លះ ដែលថា មិនគួរយក លុយទៅវិនិយោគដីធ្លីនោះ តាមលោកបណ្ឌិត គីម ហ៊ាង យល់ថា មិនមានអ្វីខុស នោះទេ តែថា អ្នកមាននៅស្រុក ខ្មែរភាគ ច្រើន គឺមានដោយសារដីធ្លី។
លោកថា «អញ្ចឹងខ្ញុំគិតថា អ្នកដែល និយាយថា ពុំគួរវិនិយោគដីធ្លី ប្រហែលជាគាត់ អត់មានលុយ ដើម្បីវិនិយោគ ប៉ុន្តែបើអ្នកមានលុយម៉ង គឺគេ វិនិយោគហើយ យើងត្រូវទទួលស្គាល់ ការពិត សម្ដីនីមួយៗ គឺមិនដូចគ្នា ព្រោះគំនិត មនុស្សខុសគ្នា ការយល់ឃើញខុសគ្នា អញ្ចឹងអ្នកមាន នៅស្រុកខ្មែរយើង គឺភាគច្រើនបំផុត គាត់មានដោយ សារដីធ្លី ដោយសារគាត់យកលុយ វិនិយោគដីធ្លី បានគាត់ជាអ្នកមាន»។
លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង បានសង្កត់ធ្ងន់ថា មានតែការវិនិយោគ ដីធ្លីទេ ទើបធ្វើឲ្យអ្នកមានខ្លាំង ហើយនៅ ស្រុកខ្មែរយើងក្នុងចំណោមមនុស្ស ១០០នាក់ គឺមានមនុស្សជាង ៩០នាក់ហើយ ដែលមានបានដោយសារ វិនិយោគលើដីធ្លី។ លោកបន្ថែមថា
«អញ្ចឹងអូខេ! គាត់និយាយវាត្រូវ សម្រាប់ចំណុចគាត់ ខ្ញុំអត់និយាយថា គាត់និយាយ ខុសទេ ប៉ុន្តែយើងអាចនិយាយថា ដោយសារគាត់មិន វិនិយោគហើយ ទើបគាត់មិនអាចក្លាយ ជាអ្នកមាន ដោយសារដីធ្លី ប៉ុន្តែអ្នកដែល វិនិយោគ ភាគច្រើនក្លាយជាអ្នកមាន ដោយសារដីធ្លី តែក៏មានអ្នកខ្លះក្ស័យធន ឬខាត ដោយសារ ដីធ្លីដូចគ្នាអញ្ចឹង…អញ្ចឹងទេតែលើស ៥១ភាគរយ គេហៅថា ជោគជ័យហើយ អញ្ចឹងជារួម សម្រាប់ខ្ញុំ មានលុយទិញដី គឺអត់ខុសទេ ប៉ុន្តែបើអត់ លុយទិញ នោះគឺទើបជាកំហុស»។
អ្នកជំនាញផ្នែកអចលន ទ្រព្យជិត ២០ឆ្នាំរូបនេះ ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេលជិត ១០ខែ នៃឆ្នាំ២០២១នេះ សម្រាប់ ដីធ្លីទំហំធំៗ មិនមានការ ធ្លាក់ ថ្លៃនោះទេ ហើយប្រសិនបើម្ចាស់ ដីធំៗ ទាំងនោះ លក់មិនចេញ គឺពួកគេទុកលក់ នៅឆ្នាំ ក្រោយៗ ទៀត។
លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា «ជារួមក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ហ្នឹង បើយើងនិយាយ ពីម៉ាក្រូសេដ្ឋកិច្ច សម្រាប់តែវិស័យដីធ្លី គឺយើង ឃើញ សញ្ញាវា មនុស្សជាច្រើនថា ដីធ្លីធ្លាក់ ថ្លៃ ប៉ុន្តែខ្ញុំសូមបញ្ជាក់ ឲ្យដឹងថា ១០ខែ ក្នុងឆ្នាំ ២០២១ហ្នឹង មនុស្សដែលនិយាយថា ដីចុះថ្លៃ គឺភាគច្រើនជាបុគ្គល ដែលអ ត់មានដី ឬក៏មានទ្រព្យសម្បត្តិតិចតួច»។
ឧកញ៉ា គីម ហ៊ាង បានបញ្ជាក់ បន្ថែមថា «ប៉ុន្តែបើដីធំ ដីអ្នកមានវិញ គឺអត់មានចុះថ្លៃទេ សាធារណជន ឬក៏ប្រជាជន ទូទៅថា កូវីដហើយ ដីធ្លីចុះថ្លៃ គឺជាសម្ដីរបស់ មនុស្ស ដែលមិនមែនជាម្ចាស់ដីពិត ប៉ុន្តែបើម្ចាស់ដីពិត ប្រាកដ អ្នកមានដីធំៗ ទូទៅ គឺគាត់អត់ចុះថ្លៃទេ លក់ មិនចេញ គាត់ទុក ចូលឆ្នាំ ២០២២ ២០២៣ ទើបគាត់លក់»៕