ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសនៅល្ងាចថ្ងៃទី២១ ខែតុលា នេះថា ដើម្បីឈាន ទៅដំណើរការ អប់រំ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងនឹងពង្រីកវិសាលភាព នៃការបង្រៀន និងរៀន តាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំង រាជធានីខេត្តទាំងអស់។
សេចក្តីប្រកាស លើកឡើងថា ការពង្រីកវិសាល ភាពនេះ រួមបញ្ចូលទាំងការពង្រីក ពីកម្រិតថ្នាក់ទី៩ និងទី១២ រហូត ដល់គ្រប់កម្រិតថ្នាក់មធ្យមសិក្សា និងការ ពង្រីកវិសាលភាពដល់ កម្រិតបឋមសិក្សា គ្រឹះស្ថានឧត្តម សិក្សាសាធារណៈ និងឯកជន វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថាន បច្ចេកវិទ្យា គ្រឹះស្ថានបណ្តុះ បណ្តាលគ្រូ គ្រឹះស្ថានសិក្សាអប់រំ ពិសេស សាលាអនុវត្តន៍ និងវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស ដោយគោរពតាម យ៉ាងខ្ជាប់ខ្ជួន នូវបទដ្ឋានសុខាភិបាលជាធរមាន។
សូមរម្លឹកថា សាលារៀនថ្នាក់ អនុវិទ្យាល័យ និងថ្នាក់ វិទ្យាល័យ បានបើកដំណើរការឡើងវិញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ ក្រោយពីគ្រូ និងសិស្ស បាន ចាក់ វ៉ាក់សាំងរួចរាល់។ ក្នុងពេលបើក សាលារៀនដំបូងៗ ក៏មានគ្រូ និងសិស្ស រកឃើញឆ្លងកូវីដ១៩ ដែរ។ តែមិនច្រើន រហូតដល់ត្រូវបិទ សាលារៀននោះទេ។
ក្រោយភ្ជុំបិណ្ឌ នាដើមខែ តុលានេះ ក៏គ្រូបង្រៀនមួយចំនួន ធ្វើតេស្តរកឃើញឆ្លង កូវីដ១៨ ដែរ។ តែមិនមានច្រើន ហើយ ដំណើរការរៀន និងបង្រៀននៅថ្នាក់រៀន តាមគន្លងថ្មី រួមទាំងការ បង្រៀន និងរៀនតាម អនឡាញ ក៏នៅតែបន្ត។
រហូតដល់ពេលនេះ សិស្សានុសិស្សនៅ កម្រិតបឋមសិក្សា ចាប់ពីអាយុ ៦ឆ្នាំ រហូតដល់ក្រោម ១២ឆ្នាំ ក៏បានចាក់វ៉ាក់សាំង ស្ទើរតែ ១០០% ក្នុងចំ ណោមជិត ២លាននាក់។ ចំណែកកុមារ និងយុវវ័យ អាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ក៏បានចាក់វ៉ា ក់សាំង ស្ទើរតែទាំងអស់ ផងដែរ។ អ្នកមានអាយុ ១៨ឆ្នាំឡើង ក៏បានចាក់វ៉ាក់សាំង កូវីដ១៩ បានសឹងតែ ១០០% ហើយគ្រូបង្រៀនទាំងអស់ បានចាក់ វ៉ាក់សាំង រហូតដល់ ៣ដូសរួចរាល់៕