ក្រុមសិស្សវិទ្យាល័យថៃ ភាគច្រើនជាក្មេងៗ ជំទង់ អាយុ១៤- ១៥-១៦ឆ្នាំ បានចេញ ធ្វើការបាតុកម្មនៅតាម ដងផ្លូវ។ ចលនាបាតុម្មនេះ គឺមានឈ្មោះថា “Bad Students” សិស្សអាក្រក់។ ការដាក់ ឈ្មោះចលនាដូច្នេះ គឺចង់ចំអក ឱ្យប្រព័ន្ធអប់រំ និង រដ្ឋអំណាច។ ក្មេងៗ ទាំងនេះ ទាមទារឱ្យរដ្ឋមន្ត្រីសិក្សា ធិការជាតិ ចុះពីតំណែង ហើយត្រូវលុបចោល វិន័យតឹងតែងខ្លះ ដែលមិនចាំបាច់ ដូចជារឿង ឯកសណ្ឋានសិស្សជាដើម។
សិស្សវិទ្យាល័យម្នាក់ បានប្រាប់អ្នកកាសែត AFP ថា សាលារៀន តម្រូវឱ្យស្លៀកពាក់ បែបនោះ ឬបែបនោះ ហើយប្រាប់ឱ្យធ្វើនោះ កុំធ្វើនោះ ដោយគ្មាន ពន្យល់ថា ហេតុអ្វីត្រូវធ្វើដូច្នេះនោះទេ? វិន័យសាលា រាប់ទសវត្សរ៍មកហើយ ដាក់កំហិតថា កូនសិស្សស្រីត្រូវ ចងបួងសក់ ចំណែកសិស្សប្រុសត្រូវកាត់សក់ខ្លី ជាដើម ដែល ពួកគេយល់ថា មិនចាំបាច់ទេ ឬហួសសម័យ។
មួយវិញទៀត កូនសិស្សវិទ្យាល័យ ខ្លះទៀត ទាមទារសិទ្ធស្មើភាពគ្នា សិទ្ធនិយាយស្តី ហើយសិទ្ធធ្វើជាខ្លួនឯង។ ក្មេងប្រុសជំទង់ ច័ន្ទ អាយុ១៦ ដែលហាក់មានទំនោរស្រឡាញ់ភេទ ដូចគ្នា បានបង្ហើបថា រូបគេត្រូវរងការរើសអើង នៅសាលារៀន ហើយសូម្បីតែ«ពួកគ្រូៗ ក៏បង្អាប់ ជាញឹកញយថា រូបគេមានចរិតញីៗ»។
បន្ថែមពីនេះ ក្មេងវិទ្យាល័យក្រុម “Bad Students” ទាមទារឱ្យកែ សៀវភៅកម្មវិធីសិក្សា ដែលសរសេរតម្កើងតែប្រវត្តិវិរភាព របស់ព្រះមហាក្សត្រ ប៉ុន្តែបែរជាមិនសូវ និយាយពីវិបត្តិនយោបាយ និងការស ម្លា ប់ ប ង្ក្រាបចលនា សិស្សនិស្សិត នៅឆ្នាំ១៩៧០ គឺមិននិយាយទេ។
ពួកសិស្សវិទ្យាល័យ ចេញមុខមកធ្វើបាតុកម្ម ក៏ដើម្បីបង្ហាញការគាំទ្រចលនាបាតុកម្ម របស់ក្រុមនិស្សិតនិងបញ្ញវន្តដែរ។ បាតុកម្មតាំងពី ខែសីហា គឺទាមទារឱ្យនាយករដ្ឋមន្ត្រថៃ ប្រាយុទ្ធ ចាន់អូចារ ចុះពីតំណែង ហើយត្រូវកែទម្រង់រដ្ឋាភិបាល កែទម្រង់របបរាជានិយម។
ច្រើនខែហើយ ព្រះមហាក្សត្រថៃ ហ្លួង Maha Vajiralongkorn ទ្រង់គង់នៅស្រុកអាល្លឺម៉ង។ តែអ្នកតំណាងរាស្ត្រ អាល្លឺម៉ង់ម្នាក់ ឈ្មោះ Nils Schmidt មកពីបក្សសង្គម ប្រជាធិបតេយ្យ បានថ្លែងគំរាម ជាសារធារណៈតាមទូរទស្សន៍ ARD ថា ប្រសិនបើរដ្ឋអំណាចថៃ ប ង្ក្រា ប បង្ហូរឈា មបាតុករថៃ ឬបណ្តាលឱ្យស្លា ប់ម នុស្សនោះ លោកមិនគិតថា ស្តេចថៃ អាចបន្តគង់ នៅអាល្លឺម៉ង់ បានទៀតឡើយ៕