គម្រោងផ្លូវល្បឿន លឿន ម៉ុកបៃ-ហូជីមិញ ត្រូវបានផ្ដល់ ភ្លើង ខៀវ ដោយនាយករដ្ឋមន្ត្រីវៀតណាម ដែលជួយកាត់ បន្ថយរយៈពេល នៃការដឹកជញ្ជូន ទំនិញរវាងវៀតណាម និងកម្ពុជា តាមរយៈច្រកព្រំដែន អន្តរជាតិ ម៉ុកបៃ (ខេត្តតៃនិញ) -បាវិត (ខេត្តស្វាយរៀង)។
សារព័ត៌មានក្នុងស្រុកវៀតណាម បានរាយការណ៍ថា គម្រោង ផ្លូវល្បឿនលឿន ម៉ុកបៃ-ហូជីមិញ នឹងឆ្លងកាត់ ផ្លូវក្រវាត់ក្រុង ទី៣ និងទី៤ នៃក្រុងហូជីមិញ ដើម្បីកាត់បន្ថយរយៈពេល នៃការដឹកជញ្ជូនទំនិញ ក្នុងតំបន់ និងនាំចេញនាំចូល រវាងវៀតណាម និងកម្ពុជា។
បន្ទាប់ពីទទួលការ អនុញ្ញាតពីនាយករដ្ឋមន្ត្រីវៀតណាម រដ្ឋបាលក្រុងហូជីមិញ និងខេត្ត តៃនិញ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ គ្នាមួយ ដើម្បីសហប្រតិបត្តិការ លើគម្រោងផ្លូវល្បឿន លឿននេះផងដែរ។
របាយការណ៍ ឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ គ្រោង ចំណាយប្រមាណ ៥៨៧លានដុល្លារ អាមេរិក ចម្ងាយផ្លូវប្រវែង ៥៣គីឡូម៉ែត្រ។ បច្ចុប្បន្ន គម្រោងនេះ មិនទាន់ចាប់ផ្ដើម ដោយសារអាជ្ញាធរ វៀតណាម កំពុងដោះស្រាយ ជាមួយប្រជាជន ដែលមានលំនៅឋានប្រមាណ ៥៧០ខ្នង ប៉ះពាល់ដោយសារ គម្រោងនេះ៕