តាមនាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មិនត្រូវប្រើមាត់ ជំនួសច្បាប់ ឡើយ ប្រសិនបើមានបញ្ហាអ្វីមួយ កើតឡើង ត្រូវយកច្បាប់មក ដោះស្រាយ ព្រោះប្រទេស កម្ពុជាគ្រប់គ្រងដោយនីតិរដ្ឋ ដូច្នេះត្រូវគោរពនីតិរដ្ឋ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០ ២០ នៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជា បានធ្វើច្បាប់យ៉ាងច្រើន ដើម្បីពង្រឹង ការគ្រប់គ្រងប្រទេសមួយឲ្យទៅ ជានីតិរដ្ឋ និងតាមគោលការណ៍ ប្រជាធិតេយ្យ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ធ្វើការងារត្រូវផ្អែក ទៅលើច្បាប់ ហើយកុំផ្អែក ទៅលើមាត់ ឬគេប្រើពាក្យម្យ៉ាង ថា យើងត្រូវធ្វើការគ្រប់គ្រងនេះ ឲ្យទៅជាការគ្រប់គ្រងនីតិរដ្ឋ ហើយយើងមិនត្រូវធ្វើការគ្រប់គ្រង ប្រទេសយើង ទៅជា ការគ្រប់គ្រង នីតិមាត់ទេ»។
សម្ដេចក្រឡាហោម បន្ដថា ប្រជាពលរដ្ឋធ្វើរឿង ត្រឹមត្រូវ និងគោរពច្បាប់ របស់ប្រទេសកម្ពុជា មានការគាំទ្រ។ ប៉ុន្ដែប្រសិ នបើប្រជាពលរដ្ឋណា មួយធ្វើខុសច្បាប់របស់ ប្រទេសកម្ពុជា ហើយរត់ទៅរកអ្នកមានអំណាច មកឲ្យជួយអន្ដរាមន៍ គឺមិនត្រូវឡើយ បើធ្វើ ខុសច្បាប់ត្រូវទទួលយកតាមផ្លូវច្បាប់។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា «ខ្ញុំសូមប្រើពាក្យនេះថា យើងមិនត្រូវប្រើមាត់ ជំនួសច្បាប់ទេ ច្បាប់ថាម៉េច ត្រូវអនុវត្តតាមហ្នឹងទៅ ត្រូវប្រើប្រាស់ តាមនីតិរដ្ឋ និងគោរពគោលការណ៍ នីតិរដ្ឋ មិនត្រូវគោរពតាមនីតិមាត់ទេ។ ជួនកាល ចៅហ្វាយខេត្ត ជូនចៅហ្វាយស្រុក ច្បាប់ថាម៉េច ថាទៅ ខ្ញុំចេះ តែធ្វើ អាហ្នឹងអត់ត្រូវទេ ខុស»។
ឆ្លៀតឱកាសនោះដែរ សម្ដេច ក្រឡាហោម ស ខេង ក៏បានលើកឡើងថា បើតាមច្បាប់គ្រប់គ្រងរដ្ឋបាល រាជធានី ស្រុក ខណ្ឌ គឺរដ្ឋបាលស្រុក ខណ្ឌ ត្រូវមានការ ទទួលខុសត្រូវខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រោះពួកគាត់នៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន។ដូច្នេះត្រូវខិតខំប្រឹងប្រែងក្នុងការទទួលខុសត្រូវ របស់ខ្លួន ដើម្បីទទួលបាន ជោគជ័យ ក្នុងការជួយដោះស្រាយបញ្ហាជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម រៀបរាប់ថា រដ្ឋបាល ស្រុក ខណ្ឌ មានសិទ្ធិធ្វើរបាយការណ៍ និងសំណូមពរ នានារបស់ប្រជាពលរដ្ឋ ផ្ញើជូនក្រសួងស្ថាប័ន ពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដោយ ត្រង់ផងដែរ។ ប៉ុន្ដែរាល់លិខិតរបស់ រដ្ឋបាល ស្រុក ខណ្ឌ ដែល បានផ្ញើជូនក្រសួងស្ថាប័ន ពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ត្រូវមានលិខិតចម្លង មួយច្បាប់ ផ្ញើមកក្រសួងមហាផ្ទៃ។ ព្រោះថា ក្រសួងមហាផ្ទៃ ជាអ្នកតាមដាន រាជធានី-ខេត្ត ទើបហៅថា «ធ្វើការងារ តាមច្បាប់»៕