មានករណីវិជ្ជមាន វីរុសកូវីដ១៩ថ្មី ០១នាក់ទៀត ដែលត្រូវបានរកឃើញ លើស្ត្រីជនជាតិខ្មែរ ដែលទើបត្រឡប់មកពី សហរដ្ឋអាមេរិក។ នេះបើយោង តាមសេចក្តីប្រកាសព័ ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបាន បញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលទើបរកឃើញឆ្លងកូវីដ១៩ មានអាយុ៣៣ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពី សហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរ នៅប្រទេសចិន (តៃវ៉ាន់) មកដល់ កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
បន្ទាប់មកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ គាត់បានចាក ចេញពីរាជធានីភ្នំពេញ ទៅខេត្តបាត់ដំបង ក្រោយលទ្ធផលតេស្តលើក ទី០១ របស់គាត់ អវិជ្ជមានវីរុសកូវីដ-១៩។ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័កនៅផ្ទះ របស់គាត់ គឺត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការវិភាគវត្ថុសំណាកលើកទី២ របស់គាត់ គឺទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្រសួងបាន បញ្ជាក់ទៀតថា មានមិត្តភក្តិពីរនាក់ បានមកដឹកស្ត្រីទើបរកឃើញ ជំងឺកូវីដ១៩នេះ តាមរថយន្តផ្ទាល់ខ្លួនចេញពីភ្នំពេញ ទៅ អាសយដ្ឋានខាងលើក្នុងខេត្តបាត់ដំបង។ តាមការស្រាវជ្រាវ និងសាកសួរព័ត៌មានជាបឋម និងភ្លាមៗ ដោយក្រុមការងារឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង
ក្រោយពីទទួលបានលទ្ធផល វិភាគវត្ថុនៃមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា អ្នកដែលបានប៉ះពាល់ ផ្ទាល់ជាមួយអ្នកជំងឺមាន ចំនួន ០៧នាក់ (០៥នាក់ជាក្រុមគ្រួសារ និង ០២នាក់ជាមិត្តភក្តិ របស់អ្នកជំងឺ) ហើយអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺនេះសរុបមានចំនួន ៤០នាក់។
ដូច្នេះក្រុមការងារ នឹងបន្តការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជា បន្តទៀតនៅថ្ងៃទី០២ ខែតុលានេះ និងនៅថ្ងៃបន្តបន្ទាប់ទៀត ដោយសារស្ថានភាព អាកាសធាតុនៅខេត្តបាត់ដំបង នាយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ ខ្លាំងពេក និងយប់ជ្រៅផងនោះ។ ក្រសួងនឹងបន្តជម្រាបជូនសាធារណជននូវលទ្ធផល នៃការស្រាវជ្រាវរកអ្នកប៉ះពាល់នូវពេលបញ្ចប់ ការងារនេះ៕