គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គិតត្រឹមវេលា ម៉ោង៥ និង៣០ នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា មានគណបក្ស នយោបាយចំនួន៥ បានដាក់ភ្នាក់ងារ របស់ខ្លួន ដើម្បីសង្កេត មើលដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
បើតាម គ.ជ.ប គណបក្ស នយោបាយទាំង៥ នោះរួមមាន គណបក្សប្រជាជនកម្ពុជា (ដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុងចំនួន ២៣៤៧ ស្រីចំនួន៥០៤), គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុងចំនួន២៥១១ ស្រីចំនួន៤៣៩), គណបក្សខ្មែររួបរួមជាតិ (ដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុងចំនួន១៣១ នាក់ ស្រីចំនួន១៨ នាក់), គណបក្សហ្វ៊ុនស៊ិនប៉ិច (ដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុងចំនួន ៣៧ នាក់ ស្រីចំនួន៤ នាក់) និងគណបក្សយុវជនកម្ពុជា (ដាក់ភ្នាក់ងារទាំងពេញសិទ្ធិ ១ នាក់ ស្រីគ្មាន) ហើយសរុបទាំងអស់មានចំនួន៥,០២៧នាក់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងដែរថា នៅខេត្តចំនួន៤ គឺខេត្តបន្ទាយមានជ័យ, រាជធានីភ្នំពេញ, សៀមរាប, និងតាកែវ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រើប្រាស់ ទម្រង់បែបបទ ផ្ទាល់ខ្លួន ដែលខុសពីទម្រង់បែបបទ (ទ.១០០៧) ដែលកំណត់ដោយ គ.ជ.ប ហើយគណបក្ស មានការភាន់ ច្រឡំអំពីកាលបរិច្ឆេទនៃការ ដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដោយយល់ថា បញ្ចប់ការទទួលពាក្យនៅត្រឹម ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០។ តែតាមពិតប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានផ្សព្វផ្សាយជាសាធារណៈ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គឺចាប់ផ្ដើមពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
ជាមួយគ្នានេះ គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ចូលរួមដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះកុំបីខាន។
គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ ក្រុមប្រឹក្សា ឃុំ សង្កាត់ គ្រប់ភាគីពាក់ព័ន្ធនិងមន្ត្រីបោះឆ្នោតទាំងអស់ នឹងយកចិត្តទុកដាក់សហការគ្នាឲ្យបានល្អ ដើម្បី អោយដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
គូររំលឹកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ប្រជាពលរដ្ឋដែលមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧នាក់។ ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣០០,៣៩០នាក់៕