អតីតប្រធានាធិបតីបារាំង លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ដែលបានដឹកនាំ ប្រទេសរបស់ខ្លួន ចូលទៅក្នុងយុគសម័យ ទំនើបថ្មីមួយ ដោយ ដើរលើមាគ៌ាគាំទ្រអឺរ៉ុប បានទទួល មរណ ភាព ហើយកាលពី យប់ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងវ័យ ៩៤ឆ្នាំ ដោយសារ តែជំងឺ COVID-19។ នេះបើតាមការ ចេញផ្សាយ ដោយទីភ្នាក់ងារ ព័ត៌មាន រ៉យទ័រ នៅថ្ងៃទី០៣ ខែធ្នូ។
លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង ជាប្រមុខរដ្ឋនៃសាធារណរដ្ឋបារាំងទី៥ក្មេង បំផុត ត្រឹមអាយុ៤៨ឆ្នាំ។ លោកចាប់ផ្តើមអាជីព នយោបាយក្នុងឆ្នាំ១៩៥៦ ជាសមាជិក សភាបារាំង។ ក្នុងឆ្នាំ១៩៦២ លោកត្រូវបានតែងតាំង ជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមការដឹកនាំ របស់ប្រធានាធិបតី ហ្សាល ដឺហ្គោល និងបន្តកាន់តំណែងនេះ រហូតដល់ឆ្នាំ១៩៧៤ ក្រោមការដឹកនាំរបស់ប្រធានាធិបតី George Pompidou ។
កាលពីពេលថ្មីៗនេះ លោក ហ្ស៊ីស្កាដ បានទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែបញ្ហាបេះដូង និងផលវិបាកនៃ COVID-19 បានទទួលមរណភាពនៅផ្ទះ របស់លោក នៅតំបន់ ឡូវ៉ា (Loire) ប្រទេសបារាំង។ លោក Giscard បានបង្ហាញខ្លួនជា សាធារណៈចុងក្រោយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូល រួមពិធីបុណ្យសពរបស់ អតីតប្រធានាធិបតីបារាំងម្នាក់ ទៀត គឺលោក ហ្សាក ស៊ីរ៉ាក (Jacques Chirac) ដែលធ្លាប់ជា នាយករដ្ឋមន្ត្រីរបស់លោក។
គួរបញ្ជាក់ថា លោក វ៉ាឡេរី ហ្ស៊ីស្កាដ ដេសស្ដាំង បានក្លាយ ជាប្រធានាធិបតីក្មេងជាងគេ បំផុត នៅប្រទេសបារាំង ដែលចូលកាន់តំណែង នៅអាយុ ៤៨ឆ្នាំ កាលពីឆ្នាំ១៩៧៤ ដោយ លោកបានផ្តួលគូប្រជែង គឺលោក ហ្វ្រង់ស្វ័រ មីទែហង់ ដែលបានបាត់បង់ តំណែងជាប្រធានាធិបតី បារាំង បន្ទាប់ពីកាន់តំណែង អស់រយៈពេល ០៧ឆ្នាំ កាលពីឆ្នាំ១៩៨១៕