នៅខែមករា ឆ្នាំ២០២១ ខាងមុខនេះ បេសកកម្មអន្តរជាតិ មួយក្រុមដឹកនាំ ដោយអង្គការសុខភាពពិភពលោក(WHO) ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅចិន នៅសប្តាហ៍ទី១ ដើម្បីស្រាវជ្រាវពីប្រភពនៃវីរុសដែល បង្កទៅជាជំងឺរាតត្បាត សាកលកូវីដ-១៩។ ជាក់ស្តែងចំពោះការ ស៊ើបអង្កេតពីប្រភព នៃជំងឺកូវីដ-១៩ គឺជាការទាមទារ របស់ប្រទេសជាច្រើន រហូតមានទាំង ចោទប្រកាន់ WHO និងចិនថា ខ្វះតម្លាភាពស្តីពីប្រភព នៃជំងឺឆ្លងនេះទៀតផង។
ដើម្បីពិនិត្យភស្តុតាង ដែលរួមមានសំណាក តេស្តរបស់មនុស្ស និងសត្វដែល ប្រមូល ដោយអ្នកស្រាវជ្រាវចិន សំដៅរកប្រភព ជំងឺកូវីដ-១៩ ក្រុមបេសកកម្ម របស់ WHO ដែលមាន អ្នកជំនាញពី១២ ទៅ១៥នាក់ នឹងធ្វើដំណើរ ទៅកាន់ទឹកដីមួយនេះ។ ចំណែក ទីក្រុងវូហាន ក៏ជាគោលដៅរបស់ក្រុម ស្រាវជ្រាវដែរ។ រីឯលោកស្រី Tea Fischer សមាជិកក្រុម បេសកកម្ម ក៏បានអះអាងថាការសិក្សានេះ នឹងមានរយៈពេល ៦សប្តាហ៍ ដោយ២សប្តាហ៍ ត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីធ្វើដំណើរទៅដល់ចិន។
អ្នកនាំពាក្យ WHO លោក Tarik Jasarevic បានលើកឡើងថា នៅពេលនេះ ក្រុមការងារកំពុងរៀបចំសម្ភារ ដើម្បីធ្វើដំណើរទៅចិនឲ្យបានកាន់តែ ឆាប់តាមតែអាច ធ្វើទៅបាន។ លោក Jasarevic និយាយប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuters ថា៖« យើងសង្ឃឹម ថាក្រុមការងារ នឹងអាចចេញ ធ្វើដំណើរក្នុងខែមករា»។
ជុំវិញបញ្ហានេះដែរ អ្នកការទូតបស្ចិមលោកខ្លះ ចង់ឲ្យ ក្រុមការងារគួរណាស់ តែចាកចេញឲ្យបានមុនកិច្ចប្រជុំក្រុមប្រឹក្សា ប្រតិបត្តិរបស់ WHO ស្របពេលដែលទាំង ចិន និង WHO សុទ្ធតែរងសម្ពាធយ៉ាងខ្លាំងពី ប្រទេសដទៃ ក្នុង ការស៊ើបអង្កេតពីប្រភពកំណើត របស់វីរុស។ កាលពីខែឧសភាកន្លងទៅ រដ្ឋមន្ត្រីសុខាភិបាល ប្រទេសជាច្រើន បានអំពាវនាវ ឲ្យស្ថាប័នសុខាភិបាលអន្តរជាតិមួយនេះកំណត់ពីប្រភព នៃវីរុសក៏ដូចជារបៀបនៃការឆ្លង របស់វីរុសពីសត្វផងដែរ។
ដោយឡែកលោកPeter Ben Embarek អ្នកជំនាញសុខភាព សត្វរបស់WHO ចំពោះការស្រាវជ្រាវស្វែងរកប្រភពជំងឺវិញ បានលើកឡើងថា ក្រុមបេសកកម្មនេះ ក៏មានបំណងក្នុងការសម្ភាសកម្មករដែល ធ្វើការក្នុងផ្សារ នៅទីក្រុងវូហានដើម្បីចង់ដឹង ថាពួកគែឆ្លង ជំងឺកូវីដ-១៩ដោយរបៀបណា។លោក បន្ថែមថា គ្មានភស្តុតាងណា ចង្អុលបង្ហាញថាវីរុសនេះ ផលិតឡើងដោយមនុស្សឡើយ។
គួរបញ្ជាក់ថា ទាក់ទិនរឿងនេះ អាជ្ញាធរចិន បានជូនដំណឹងទៅ WHO ស្តីពីជំងឺផ្លូវដង្ហើមប្រភេទថ្មី នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩ ក្រោយមានករណីផ្ទុះជំងឺ មិនធ្លាប់មាននេះក្នុង ទីក្រុងវូហាន។ តាំងពីមក អាមេរិកវិញ បានចោទប្រកាន់ចិនថា លាក់បាំងពីការផ្ទុះ ជំងឺឆ្លងនេះ និង ក៏បានទាមទារផងដែរឲ្យ WHO ធស៊ើបអង្កេតដោយ មានតម្លាភាព ចំពោះការផ្ទុះឡើងនេះ៕