ឯកឧត្ដម សុខ សូកេន ដែលជាកូន ប្រុស របស់សម្តេចវិបុល បញ្ញា សុខ អាន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំង មុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ខណៈបច្ចុប្បន្នឯកឧត្ដម មានមុខតំណែង ជាអនុរដ្ឋលេខាធិការ រួចទៅហើយ។
ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះមហាក្សត្រ ដែលឡាយ ព្រះហត្ថលេខានៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ ថា ការតែងតាំង ឯកឧត្ដម សុខ សូកេន ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនេះ ធ្វើឡើងតាម សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា កូនប្រុសសម្ដេចវិបុលបញ្ញា សុខ អាន ៤រូប ក្នុងនោះ ឯកឧត្ដម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្ដម សុខ សូកាន រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និង ឯកឧត្ដម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍៕